(បន្ទាយមានជ័យ)៖ លោកស្រី ហ៊ុន សេងនី ប្អូនស្រីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បាននាំអំណោយទៅចែកជូន លោកយាយជរាម្នាក់ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ ស្ថិតក្នុងភូមិភាប សង្កត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងនោះដែរ ក៏មានការចូលរួមពី លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោកស្រី ឃីង សុវត្ថនី ប្រធានច្រកតំបន់ម៉ាឡៃ និងអាជ្ញាធរមូលដ្ឋាន ផងដែរ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា លោកយាយដែលទទួលរងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅយប់ឈានចូលថ្ងៃទី៧ ខែវិច្ឆិកានេះ ឈ្មោះ ហឿង សួរ អាយុ៧៤ឆ្នាំ។ ក្នុងនោះដែរ លោកស្រី ហ៊ុន សេងនី បានចូលរួមសោកស្តាយ ចំពោះលោកយាយ ដែលបានទទួលរងគ្រោះដោយសារ ភ្លើងឆេះផ្ទះ ហើយក៏សម្តែងនូវការត្រេកអរផងដែរ ដែលលោកយាយ បានរួចផុតពីគ្រោះថ្នាក់ភ្លើងឆេះនេះ ដោយសារការជួយសង្គ្រោះពីកូនៗ។
សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូនរួមមាន៖ អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ខ្លាញ់ ទឹកសុទ្ធ សាប៊ូ ទឹកក្រូច សារ៉ុង ក្រមា ខោរអាវរងា និងថវិកាមួយចំនួន៕