(កណ្ដាល)៖ ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយ កើតឡើងរវាងប្រជាពលរដ្ឋជាង១០០គ្រួសារ មកពីភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ជាមួយក្រុមហ៊ុនផានអ៊ីម៉ិច ត្រូវអាជ្ញាធរខេត្តកណ្ដាល ដឹកនាំដោយលោកអភិបាលខេត្ត ម៉ៅ ភិរុណ ចុះសម្របសម្រួលផ្ទាល់ និងបានអះអាងថា នឹងព្យាយាមរិះរកដោះស្រាយជូនភាគីពាក់ព័ន្ធឲ្យអស់ពីសមត្ថភាព។
ក្នុងជំនួបជាមួយភាគីទំនាស់ កាលពីចុងសប្ដាហ៍កន្លងទៅ លោក ម៉ៅ ភិរុណ បានស្នើឲ្យប្រជាពលរដ្ឋប្រាប់ពីទំហំ និងទីតាំងដីស្រែប្រាំងដែលមានទំនាស់របស់ខ្លួន ឲ្យបានច្បាស់លាស់ ដើម្បីងាយធ្វើការដោះស្រាយ ហើយបានសន្យាជួយដោះស្រាយ និងរកយុត្តិធម៌ជូនពួកគាត់ដោយសន្ដិវិធី ក្រៅប្រព័ន្ធតុលាការ។
ជុំវិញបញ្ហានេះ ខាងភាគីពលរដ្ឋបានស្នើឲ្យក្រុមហ៊ុនផានអ៊ីម៉ិច បញ្ឈប់ការឈូសឆាយដី ក្នុងគោលដៅរំលោភយកដីស្រែប្រាំងរបស់ពួកគាត់។ ចំណែក លោកស្រី ស៊ុយ សាផាន តំណាងឲ្យក្រុមហ៊ុនផានអ៊ីម៉ិចបានដាក់លក្ខខណ្ឌទៅដែរ ដោយស្នើឲ្យប្រជាពលរដ្ឋ ផ្អាកការធ្វើស្រែប្រាំងដូចគ្នា ដើម្បីឲ្យស្មើភាពគ្នា។
លក្ខខណ្ឌរបស់តំណាងក្រុមហ៊ុនរូបនេះ ត្រូវបានលោក ម៉ៅ ភិរុណ បានអត្ថាធិប្បាយថា បើសិនជាលោកស្រី ស៊ុយ សុផាន មិនធ្វើស្រែ១០ឆ្នាំ ក៏មិនស្លាប់ដែរ តែចំពោះប្រជាពលរដ្ឋបើមិនធ្វើស្រែទេ មានតែដាច់ពោះស្លាប់ ឬមួយក៏លោកត្រូវចំណាយលុយខ្លួនឯងផ្ទាល់ ដើម្បីទិញអង្ករជូនប្រជាពលរដ្ឋ។
បើតាមលោកអភិបាលខេត្តបានបន្តឲ្យដឹងថា នឹងលើកយកបញ្ហាទាំងនេះ ទៅដោះស្រាយនៅថ្ងៃទី១៩ វិច្ឆិកា ខាងមុខបន្តទៀត សំដៅធ្វើយ៉ាងណាឲ្យបានលទ្ធផល ដែលអាចទទួលយកបានទាំងអស់គ្នា។
សូមបញ្ជាក់ថា ជម្លោះដីធ្លីទំហំជាង៦៣ហិកតា រវាងប្រជាពលរដ្ឋក្នុងភូមិពញាឮ ជាមួយក្រុមហ៊ុនផានអ៊ីម៉ិច បានកើតមានយ៉ាងរ៉ាំរ៉ៃ ដោយក្រុមអ្នកភូមិបាននិយាយថា ក្រុមហ៊ុនបានយកប្លង់ដីពីទីតាំងផ្សេង មកចង្អុលយកដីស្រែប្រាំងរបស់ពួកគាត់ ដែលបានគ្រប់គ្រងកាន់កាប់តាំងតែ ពីឆ្នាំ១៩៧៩-១៩៨០ មកនោះ៕