(ភ្នំពេញ)៖ លោក រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញក្នុងពិធីបិទប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក រិន វីរៈ បានចូលរួមអបអរសាទរ កោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីជំរឿនទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមប្រតិបត្តិការជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។
លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ថវិកាគាំទ្រសម្រាប់អនុវត្តជំរឿនកសិកម្មកម្ពុជានៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣នេះ និងសូមថ្លែងអំណរគុណដល់អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) ដែលបានផ្ដល់ជំនួយជាបច្ចេកទេសសម្រាប់ដំណើរការ និងការប្រព្រឹត្តទៅនៃជំរឿនកសិកម្មនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ រហូតទទួលបានជោគជ័យ និងប្រកាសបិទពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ នៅវេលាថ្ងៃត្រង់នេះផងដែរ៕