(ភ្នំពេញ)៖ កម្មវិធី «ជិះកង់ដើម្បីកុមារលើកទី១១» នឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ ក្នុងគោលបំណងលើកកម្ពស់ការធ្វើលំហាត់ ប្រាណដោយការជិះកង់ និងរៃអង្គាសថវិកាដើម្បីជួយដល់កុមារ និងស្ត្រីដែលរងគ្រោះដោយការជួញដូរ។
ព្រឹត្តិការណ៍ប្រណាំងកង់ដើម្បីកុមារនេះ នឹងធ្វើឡើងលើចម្ងាយផ្លូវបីប្រភេទ៖ ១១៧គីឡូម៉ែត្រ ៣៧គីឡូវម៉ែត្រ និង១៧គីឡូម៉ែត្រ ឆ្លងកាត់តាមតំបន់ព្រៃ វាលស្រែ និងតំបន់អង្គរដ៏ស្រស់ស្អាត។
ការចូលរួមឧបត្ថម្ភធំ កម្មវិធីប្រណាំងកង់ដើម្បីកុមារ លើកទី១១ នេះគឺជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត ក្នុងការលើកកម្ពស់សុកមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការចូលរួមសកម្មភាពកីឡា និងបង្ហាញពីការប្រកាន់គោលជំហរ យ៉ាងមុតមាំរបស់ក្រុមហ៊ុន ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហានានា ក្នុងសង្គមទៅតាមលទ្ធភាព ដែលអាចធ្វើបាន។
តម្លៃនៃការចុះឈ្មោះសម្រាប់ប្រជាពលរដ្ឋកម្ពុជាគឺ ២៥ដុល្លារ ដែលអ្នកចុះឈ្មោះនឹងទទួលបានអាវយឺតសម្រាប់ប្រណាំង ខណៈជនបរទេសត្រូវចំណាយ៨៥ដុល្លារ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីកម្មវិធិជិះកង់ ដើម្បីកុមារ លើកទី១១ នៅទីស្នាក់ការ NOCC នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា មកទល់ពេលនេះមានអ្នកចុះឈ្មោះចូលរួមជាង ៣០០នាក់ហើយ ខណៈឆ្នាំមុនមានអ្នកចូលរួមសរុប ៨០០នាក់ ។ តែយ៉ាងណាទម្រាំដល់ថ្ងៃប្រកួតគណៈរំពឹងថា យ៉ាងហោចណាស់ក៏មាន អ្នកចូលរួមប្រហែលឆ្នាំមុនដែរ។
អគ្គលេខាធិការ NOCC ដដែលរូបនេះ បន្ដថា ការរៀបចំព្រឹត្តិការណ៍នេះ គឺជាគោលដៅរបស់ក្រសួងទេសចរណ៍ ដែលជំរុញគណៈកម្មាធិការជាតិអូឡាំពិក បង្កើតឲ្យមានព្រឹត្តិការណ៍កីឡា និងទេសចរណ៍ជាបន្ដបន្ទាប់ ដើម្បីរួមចំណែកទាក់ទាញទេសចរណ៍ កាត់បន្ថយភាពក្រីក្រ និងផ្ដល់សេវាផលិតករទេសចរណ៍ទាំងឡាយផងដែរ ។
លោកបន្ដថា គោលបំណងនៃការរៀបចំកម្មវិធីជិះកង់ ដើម្បីកុមារនេះ គឺផ្ដោតសំខាន់ទៅលើសប្បុរសធម៌ ពិសេសគឺការផ្ដល់ជូនដល់អង្គការជាតិ ឬអន្ដរជាតិ និងអង្គការក្រៅរាជរដ្ឋាភិបាលមួយចំនួនធំ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ។
លោកបន្ដថា «គម្រោងនេះ មានគោលបំណងផ្ដល់នូវតម្រូវការចាំបាច់ជូនដល់កុមារ ម្ដាយរបស់ពួកគេ និងស្រ្ដីមានផ្ទៃពោះរស់នៅក្នុងពន្ធនាគារ» ។
ជាមួយគ្នានោះតំណាងក្រុមស្រាបៀរកម្ពុជា ដែលឧបត្ថម្ភផ្ដាច់មុខក្នុងព្រឹត្តិការណ៍នេះ ក៏បានសម្ដែងឲ្យឃើញពីមោទនៈភាព សម្រាប់ការចូលរួមឧបត្ថម្ភគាំទ្រ និងរួមចំណែកជួយដល់សង្គម តាមរយៈការជិះកង់ ដើម្បីកុមារនេះ។
លើសពីនេះលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីជំរុញការរៀបចំឲ្យកាន់តែទទួលបានជោគជ័យ ពិសេសគឺដើម្បីចូលរួមជួយដល់កុមារក្រីក្រ និងស្រ្ដីគ្មានទីពឹងក្នុងប្រទេសកម្ពុជាផងដែរ៕