(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំសន្និសីទអន្តរជាតិលើកទី១ ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍»។ នៅក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ «ស្ថាប័នរដ្ឋាភិបាលទាំងអស់ ទាំងយោធា និងស៊ីវិល ត្រូវតែគាំទ្រការងារអប់រំពីអំពើប្រល័យពូជសាសន៍សម្រាប់មនុស្សជំនាន់ក្រោយ។ យើងត្រូវតែធានាថា ការបង្រៀនប្រវត្តិសាស្រ្ត ត្រូវបានដាក់បញ្ចូលយ៉ាងត្រឹមត្រូវ នៅក្នុងកម្មវិធីសិក្សារបស់សាលារដ្ឋ និងឯកជន ចាប់ពីអនុវិទ្យាល័យរហូតដល់សាកលវិទ្យាល័យ ហើយគ្រូបង្រៀនទាំងអស់របស់យើង អាចចូលរួមជាកម្លាំង ដើម្បីផ្សព្វផ្សាយការអប់រំពីអំពើប្រល័យពូជសាសន៍ នៅក្នុងសាលារៀនទូទាំងប្រទេស។

ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេរៀនប្រវត្តិសាស្ត្រនោះទេ។ យើងក៏អាចបញ្ចូលទៅក្នុងមុខវិជ្ជាគ្រប់ប្រភេទ ចាប់ពីសីលធម៌ និងអក្សរសាស្រ្តខ្មែរ រហូតដល់ការសិក្សាពីភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍជំនាញទន់ផ្សេងទៀតផងដែរ។ យើងក៏អាចស្វែងរកវិធីច្នៃប្រឌិតផ្សេងៗ ដើម្បីរៀបរាប់រឿងរ៉ាវពិបាកទាំងនេះ ទៅកាន់មនុស្សដែលមានវ័យ និងជំនាន់ផ្សេងគ្នារួមមានតាមរយៈសិល្បៈ មាតិកាឌីជីថល ឬ គំនូរជីវចលជាដើម»។

«២០ ឧសភា» គឺជាទិវាចងកំហឹងនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨៣។ នៅប្រទេសកម្ពុជា អត្ថន័យ និងការវែកញែកអំពី «២០ ឧសភា» បានប្រែប្រួលជាច្រើនលើកច្រើនសារទៅតាមបរិបទប្រវត្តិសាស្រ្ត នយោបាយ ការផ្សះផ្សាបង្រួបបង្រួមជាតិ និងការស្វែងរកយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា។ ទោះបីជាមានការលើកឡើងផ្សេងៗគ្នាពីការផ្លាស់ប្តូរទិវា «២០ ឧសភា» ជាច្រើនដំណាក់កាល ហើយបានដឹងយ៉ាងច្បាស់ពីប្រជាជនកម្ពុជាដែលបានឆ្លងកាត់របបខ្មែរក្រហមយ៉ាងណាក៏ដោយក៏ «២០ ឧសភា» នៅតែបង្កប់នូវអត្ថន័យ និងឆ្លុះបញ្ចាំងពីការការតស៊ូ ការឈឺចាប់ និងការបាត់បង់សម្រាប់ប្រជាជនកម្ពុជា ហើយនៅតែមានសារសំខាន់ដល់ក្មេងៗជំនាន់ក្រោយដើម្បីយល់ដឹង។

ជាប្រវត្តិសាស្រ្តថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៦ គឺជាថ្ងៃដែលមេដឹកនាំខ្មែរក្រហម ឬរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) កំណត់យកជាថ្ងៃបង្កើតសហករណ៍ដំបូងនៅប្រទេសកម្ពុជា នៅខែឧសភា ឆ្នាំ១៩៧៣ អំឡុងពេលតស៊ូប្រដាប់អាវុធប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែររបស់ លន់ នល់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ ថ្ងៃនេះគឺជាថ្ងៃដែលដីស្រែ ចម្ការ ទ្រពសម្បត្តិផ្ទាល់ខ្លួនរបស់ប្រជាជនកម្ពុជាត្រូវបានរួមបញ្ចូលគ្នាបង្កើតជាសហករណ៍ ហើយក្រោយមកប្រជាជនត្រូវបានបង្ខំឱ្យធ្វើការងារធ្ងន់ធ្ងរនៅតាមការដ្ឋាន បណ្តាលឱ្យបាក់កម្លាំងជួបប្រទះភាពអត់ឃ្លាន ការចោទប្រកាន់ និងការសម្រិតសម្រាំងដើម្បីយកទៅសម្លាប់។ «២០ ឧសភា» ធ្លាប់ត្រូវបានចាត់ទុកថាគឺជាថ្ងៃចាប់ផ្តើមកើតឡើងនូវអំពើប្រល័យពូជសាសន៍យ៉ាងទូលំទូលាយ នៅទូទាំងប្រទេសកម្ពុជាក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាស្ទើរគ្រប់ក្រុមគ្រួសារបានបាត់បង់សមាជិករបស់ខ្លួន និងមានប្រជាជនកម្ពុជាចន្លោះពី១,៤លាន ទៅ២,២លាននាក់ បានស្លាប់បាត់បង់ជីវិត ដូច្នេះហើយទើបរបបសាធារណរដ្ឋកម្ពុជា និងរដ្ឋកម្ពុជាបានកំណត់យកថ្ងៃទី២០ ខែឧសភា គឺជាថ្ងៃបុណ្យជាតិយ៉ាងសំខាន់ និងត្រូវបានរៀបចំយ៉ាងហ្មត់ចត់។ ពិធីបុណ្យនេះត្រូវបានដាក់ឈ្មោះថា «ទិវាចងកំហឹង ២០ ឧសភា» ហើយត្រូវបានប្រារព្ធឡើងនៅក្រុងភ្នំពេញ តាមខេត្ត ស្រុក ឃុំ និងភូមិ នៅទូទាំងប្រទេសកម្ពុជា ដើម្បីថ្កោលទោសលើមេដឹកនាំ និងរបបខ្មែរក្រហមដែលបានប្រព្រឹត្តអំពើឃោរឃៅ និងការកាប់សម្លាប់មកលើប្រជាជនកម្ពុជា។ «ទិវាចងកំហឹង ២០ ឧសភា» គឺជានិន្នាការនយោបាយដើម្បីទប់ស្កាត់ការវិលត្រឡប់មកគ្រប់គ្រងប្រទេសវិញរបស់ក្រុមខ្មែរក្រហម។

ក្រោយពីមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស ឆ្នាំ១៩៩១ រវាងភាគីជម្លោះនយោបាយនៅក្នុងប្រទេសកម្ពុជា ការប្រារព្ធ «ទិវាចងកំហឹង ២០ ឧសភា» លែងមានតួនាទីជាបុណ្យជាតិផ្លូវការទៀតហើយ ដោយសារជានិន្នាការដើម្បីបង្រួបបង្រួមជាតិ និងដើម្បីបញ្ចប់សង្រ្គាមស៊ីវិលដែលបានអូសបន្លាយជាងមួយទសវត្សរ៍ក្រោយរបបខ្មែរក្រហមដួលរលំពីទីក្រុងភ្នំពេញថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលជាសេចក្តីប្រាថ្នារបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។

ទោះបីជាយ៉ាងណា នៅឆ្នាំ១៩៩៨, ឆ្នាំ១៩៩៩ និងឆ្នាំ២០០០ ទិវា «២០ ឧសភា» ត្រូវបានសាលាក្រុងភ្នំពេញរៀបចំប្រារព្ធធ្វើនៅ «មជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ បឹងជើងឯក» និងនៅតាមបណ្តាទីតាំងបូជនីយដ្ឋាន កន្លែងតម្កល់អដ្ឋិធាតុនៅតាមខេត្ត ដោយដាក់ឈ្មោះថា «ទិវារំឭកវិញ្ញាណក្ខន្ធ» ដើម្បីរំឭកឡើងវិញពីការកាប់សម្លាប់នៅក្នុងរបបខ្មែរក្រហម។

ដោយមានសំណើរពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្រ្តីទី១ និងសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីទី២ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៩៩ សុំឱ្យសហគមន៍អន្តរជាតិកាត់ទោសអ្នកដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ការចរចារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិបានកើតឡើងជាបន្តបន្ទាប់។

ជាលទ្ធផលនៅថ្ងៃទី២ ខែមករា ឆ្នាំ២០០១ រដ្ឋសភាជាតិកម្ពុជា និងអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហម។ កិច្ចព្រមព្រៀងស្តីពីការកាត់សេចក្តីឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យបានចូលជាធរមាន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៥ ហើយបន្ទាប់មកបានចាប់ផ្តើមសវនាលើសំណុំរឿង០០១ ដំបូងដែលមានជនសង្ស័យឈ្មោះ កាំង ហ្គេចអ៊ាវ ហៅ ឌុច អតីតប្រធានមន្ទីរសន្តិសុខស-២១។

នៅថ្ងៃចាប់ផ្តើមអង្គសេចក្តីលើ កាំង ហ្គេចអ៊ាវ ហៅ ឌុច នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០០៩ មានមតិលើកឡើងពីសាធារណជន និងពីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ស្នើរាជរដ្ឋាភិបាលកម្ពុជា កំណត់យកថ្ងៃសវនាការនេះជា «ទិវាជាតិនៃការចងចាំ» ប៉ុន្តែត្រូវបានការិយាល័យអ្នកនាំពាក្យរបស់ទីស្តីការគណៈរដ្ឋមន្រ្តី បដិសេធដោយមូលហេតុថា ថ្ងៃទី៣០ ខែមីនា មិនត្រូវបានចាត់ទុកជាថ្ងៃផ្តល់យុត្តិធម៌ដំបូងដល់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមនោះទេ ព្រោះតុលាការធ្លាប់កាត់ទោសមេដឹកនាំកំពូលនៃរបបនេះកាលពីឆ្នាំ១៩៧៩។

កន្លងមកយើងធ្លាប់ចាត់ទុកថ្ងៃទី២០ ឧសភា គឺជា «ទិវាចងកំហឹង» ចំពោះរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយក្រោយមក ត្រូវប្តូរទៅជាទិវារំឭកវិញ្ញាណក្ខន្ធដល់ជនរួមជាតិបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍។ ប្រសិនបើយកថ្ងៃទី៣០ ខែមីនា ជា «ទិវាជាតិ» នោះគឺជាការផ្តល់តម្លៃហួសពេកដល់ជនទាំងឡាយណា ដែលធ្លាប់បានគាំទ្ររបបប្រល័យពូជសាសន៍ខ្មែរក្រហម ជាពិសេសក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដោយបំភ្លេចចោលការពិតនៃប្រវត្តិសាស្រ្ត ដែលថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាបានខិតខំរកយុត្តិធម៌ជូនប្រជាជន។

ទោះបីយ៉ាង នៅអំឡុងពេលដំណើរការកាត់ក្តីជាបន្តបន្ទាប់លើសំណុំរឿង០០២ ដែលមានជនជាប់ចោទ អៀង សារី, អៀង ធីរិទ្ធ, នួន ជា និង ខៀវ សំផន នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣ សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០២ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចេញអនុក្រិត្យកំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» ពាក់ព័ន្ធនឹងការរៀបចំគម្រោងសំណងសម្រាប់ដើមបណ្តឹងរដ្ឋប្បវេណីចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ជាការឆ្លើយតប នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ ទីស្តីការគណៈរដ្ឋមន្រ្តី យល់ព្រមតាមសំណើរនេះ ដោយកំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» នៅក្នុងប្រតិទិនឈប់សម្រាកប្រចាំឆ្នាំ ជំនួស «ទិវាចងកំហឹង ឬទិវារំឭកវិញ្ញាណក្ខន្ធ» ដែលបាននិងកំពុងប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩៨៤ មកដល់សព្វថ្ងៃ។

ការផ្លាស់ប្តូរទិវា២០ ឧសភា នៅពេលនេះគឺមិនមែនផ្លាស់ប្តូរប្រវត្តិសាស្រ្តរបបខ្មែរក្រហមនោះទេ ប៉ុន្តែជាផ្នែកមួយនៃផ្តល់សំណងជំងឺចិត្ត ផ្តល់យុត្តិធម៌ និងជាដំណើរការនៃការផ្សះផ្សាក្នុងចំណោមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលបច្ចុប្បន្នមានចំនួនប្រមាណ៥លាននាក់ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហមបិទបញ្ចប់ដំណើរការកាត់សេចក្តី។

នៅក្នុងនោះដែរ ចាប់តាំងពីឆ្នាំ២០០៧ មជ្ឈមណ្ឌលឯកសារកម្ពុជាបានបោះពុម្ពសៀវភៅសិក្សាចំនួន៧សែនក្បាល (ឯកសារយោងដ៏សំខាន់) ស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងបានចែកជូនសិស្សានុសិស្សនៅតាមវិទ្យាល័យប្រមាណជាង១០០០ នៅទូទាំងប្រទេសកម្ពុជាដើម្បីសិក្សារៀនសូត្រ, បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលប្រវត្តិវិទ្យាថ្នាក់ជាតិប្រមាណ៥០០០នាក់ រួមទាំងគ្រូអក្សរសាស្រ្តខ្មែរ និងគ្រូសីលធម៌ ពលរដ្ឋវិជ្ជា, បានរៀបចំវេទិកាថ្នាក់រៀនរាប់ពាន់ថ្នាក់, បានអប់រំជាសាធារណស្តីពីការបង្រៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ, បានផ្សព្វផ្សាយ និងបានរៀបចំសន្និសីទជាច្រើន ដើម្បីលើកកម្ពស់ការអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជាលើទូទាំងពិភពលោក៕