Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត អ៊ាង សុផល្លែត៖ កម្ពុជាស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយបញ្ហាបរិស្ថាន តែសុំកុំយកលេសស្រឡាញ់បរិស្ថាន មកធ្វើជារបាំងមុខ កេងប្រយោជន៍ផ្ទាល់ខ្លួនឱ្យសោះ (Video inside)

19-05-2025 16:20

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចក្រសួងបរិស្ថាន បានប្រកាសបើកចំហជានិច្ចគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាបរិស្ថាន តែសុំកុំយកលេសស្រឡាញ់បរិស្ថាន មកធ្វើជារបាំងមុខ កេងប្រយោជន៍ផ្ទាល់ខ្លួនឱ្យសោះ។បន្ទាប់ពីលោកចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន គឺលោកប្ដេជ្ញាអនុវត្តច្បាប់ដោយមិនលើកលែងចំពោះជនខិលខូចដែលកាប់ឈើ និងទន្រ្ទានដីខុសច្បាប់ និងបទល្មើសផ្សេងទៀតពាក់ព័ន្ធវិស័យបរិស្ថាន។

ការលើកឡើងបែបនេះរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសលោករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីភាពបើកវេទិកាដ៏សំខាន់មួយស្តីពី «មាគ៌ាបៃតង៖ ទំនាក់ទំនងរវាងការគ្រប់គ្រងតំបន់ទេសភាពជាមួយនឹងធនធានជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីសម្រាប់អនាគត ប្រកបដោយចីរភាព»

លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា៖ «យើងមិនបិទនោះទេ ប៉ុន្តែ ផ្ទុយទៅវិញយើងបើកចំហរួមគ្នាដោះស្រាយ (វិស័យបរិស្ថាន) ដើម្បីផលប្រយោជន៍ជាតិរបស់យើង ការបាត់បង់ធនធានធម្មជាតិ មិនមែនជាការបាត់បង់ដោយសាមញ្ញនោះទេ យើងទាំងអស់គ្នានឹងរងនូវផលវិបាក ចំពោះខ្ញុំ មិនថាសង្គមស៉ីវិល មិនថាអ្នកព័ត៌មាន គឺជាអ្នកស្រឡាញ់បរិស្ថាន ខ្ញុំសុំសហការធ្វើការជាមួយគ្នា។ ប៉ុន្តែ ជាមួយគ្នានឹងដែរ សុំកុំយកការការពារ ការស្រឡាញ់បរិស្ថាន ធ្វើជារបាំង បាំងមុខដើម្បីទាញយកផលប្រយោជន៍បុគ្គល កុំឱ្យសោះ»

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា សច្ចភាព គឺជាភាពបរិសុទ្ធរបស់បុគ្គលរូប ដូច្នេះ រាល់កិច្ចសហការនានា ដើម្បីចូលរួមអភិរក្សធនធានធម្មជាតិនៅកម្ពុជា ពីសំណាក់ភាគីពាក់ព័ន្ធ ដូច្នេះ តាមរយៈកិច្ចសហការយ៉ាងស្អិតរមួតជាមួយបណ្តាអង្គការសង្គមស៉ីវិល ក្រសួងបរិស្ថាន បានបង្ក្រាប និងចាត់ការបទល្មើសបានជាច្រើនផងដែរ។

ជាមួយគ្នានេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត អ្នកស្រឡាញ់បរិស្ថាន គឺជាអ្នកស្រឡាញ់កម្ពុជាហើយ តែសូមស្រឡាញ់ឱ្យត្រូវទិសដៅ មិនមែនស្រឡាញ់ ដើម្បីឆ្លៀតឱកាសបំផ្លាញធនធានធម្មជាតិនោះទេ ដូចនេះ សូមស្រឡាញ់ឱ្យត្រូវទិសដៅ មិនមែនស្រឡាញ់ ដើម្បីឆ្លៀតឱកាសកេងចំណេង និងបំផ្លាញធនធានធម្មជាតិ។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់បណ្តាអង្គការសង្គមស៉ីវិលទាំងអស់ និងអ្នកស្រឡាញ់បរិស្ថាននានា ដែលបានរួមគ្នាសហការជាមួយក្រសួងបរិស្ថាន រហូតចាត់ការបទល្មើសបំផ្លាញធនធានធម្មជាតិបានទាន់ពេលវេលាកន្លងមកនេះ។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងបានធ្វើទំនើបកម្មចំពោះការការពារ និងការអភិរក្សធនធានធម្មជាតិ ជាពិសេសគឺការពារព្រៃឈើ ដោយបន្ថែមឧបករណ៍ដ្រូនដល់ គ្រប់ មន្ទីបរិស្ថាន ខេត្ត ទាំងអស់ ទូទាំង ប្រទេស ឱ្យជួយល្បាតព្រៃ ដើម្បីកាត់បន្ថយហានិភ័យនៅក្នុងការងារល្បាតរបស់មន្រ្តីឧទ្យានុរក្ស ហើយការប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ ក៏បានផ្តល់ព័ត៌មានលម្អិត រហ័សអំពីស្ថានភាពព្រៃឈើបានលឿនទាន់សភាពការណ៍ផងដែរ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា នៅក្នុងអាណត្តិជារដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកមានសុដ្ឋិនិយមថា តាមរយៈការធ្វើទំនើបកម្មការពារធនធានធម្មជាតិដើម្បីធ្វើយ៉ាងណាការពារព្រៃឈើរបស់កម្ពុជា ឱ្យនៅគង់វង្សាសម្រាប់កូនចៅតជំនាន់ ជាពិសេសដើម្បីសម្រេចឱ្យបាននូវអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។

លោករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា ជនល្មើស មិនធំជាងច្បាប់ដែលមានជាធរមានឡើយ ដូច្នេះមន្ត្រីក្រសួងបរិស្ថាន ត្រូវតែយកច្បាប់មកអនុវត្តជាដាច់ខាតឱ្យបានម៉ឺងម៉ាត់ ហើយត្រូវបញ្ឈប់សកម្មភាពចុះកិច្ចសន្យាដោះលែងជនល្មើសតទៅទៀត។

លោកបណ្ឌិត អ៊ាង សុផល្លែត បានអះអាងថា នៅក្រោមការដឹកនាំរបស់លោក ក្រសួងបរិស្ថាន ដាក់ចេញវិធានការដើម្បីដោះស្រាយបញ្ហាកាប់ព្រៃឈើ និងបទល្មើសលើវិស័យបរិស្ថានដូចជា ការអនុវត្តច្បាប់ម៉ឺងម៉ាត់, ការសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងការប្រើបច្ចេកវិទ្យាដ្រូន ដើម្បីបង្ក្រាបបទល្មើសក្នុងវិស័យបរិស្ថាន៕