(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ទាំង៨ និងភូមិ នៅក្នុងខណ្ឌច្បារអំពៅ ដើម្បីបានស្វែងយល់ផ្ទាល់ ចំពោះវឌ្ឍនៈភាពរបស់ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ និងភូមិ ដែលខ្លួនទទួលខុសត្រូវ មានបញ្ហាប្រឈមអ្វីខ្លះ ដើម្បីរួមគ្នាដោះស្រាយ។
លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានធ្វើរបាយការណ៏ស្តីពីលទ្ធផលដែលបានធ្វើកន្លងមកនិងស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយរួមនៃការចុះឈ្មោះបោះឆ្នោត និងការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន។ ជាពិសេសការលើកទឹក ចិត្តប្រជាជនឲ្យទៅចុះឈ្មោះបោះ ឆ្នោត សម្រាប់ការចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧ និងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៨។ ជាមួយគ្នានោះដែរ អាជ្ញាធរខណ្ឌបានបង្កើនសកម្មភាពផ្តល់អត្តសញ្ញាណប្រភេទថ្មីជូនប្រជាជនតាមមូលដ្ឋាន សម្រាប់ប្រើប្រាស់ទៅចុះឈ្មោះបោះឆ្នោតដែលកំពុងដំណើរការចុះឈ្មោះ។
សាលាខណ្ឌបានធ្វើវេទិកា សាធា រណៈក្នុងរយៈពេល៨ខែឆ្នាំ២០១៦ នៅតាមសង្កាត់ជាច្រើនលើក ដើម្បីដោះស្រាយបញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន ល្បែងស៊ីសង និងបញ្ហាសំណង់ បញ្ហាសំរាម ។ សម្រាប់ការងារការងារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ លោកអភិបាលខណ្ឌ បានបញ្ជាក់ថា ក្នុងត្រីមាសទី៣ឆ្នាំ២០១៦នេះ គណៈបញ្ជាការឯកភាពខណ្ឌ បានបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស បានល្អប្រសើរ។
លោកស្រី ម៉ែន សំអន បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរួមគ្នា ទាំងក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌទាំងអស់ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ ភូមិ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានរួមចំណែកជួយក្នុងការអនុវត្តនូវនយោបាយ ដែលរាជរដ្ឋាភិបាល បានដាក់ចុះអោយអនុវត្ត បានជ្រួតជ្រាបទៅដល់ប្រជាពលរដ្ឋ ហើយយើងមើលឃើញថា នយោបាយដែលរាជរដ្ឋាភិបាល បានផ្តល់ជូននេះ គឺច្រើនណាស់ រួមមាន បញ្ហាសុខសន្តិភាព បញ្ហាស្ថេរភាពនយោបាយ ហើយយើងបានរួមគ្នា ទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងហិរញ្ញវត្ថុ ដើម្បីការអភិវឌ្ឍន៍តាមមូលដ្ឋានភូមិសង្កាត់ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ សំដៅធ្វើអោយក្នុងសង្កាត់យើងនីមួយៗ ប្រជាពលរដ្ឋ មានភាពកក់ក្តៅ មានទំនុកចិត្ត និងមានការជឿជាក់ មកលើការដឹកនាំរបស់យើងគ្រប់ជាន់ថ្នាក់ ពិសេសបញ្ហាភូមិសង្កាត់មានសុវត្ថិភាព ទាំង៩ចំណុច។ ជាមួយនេះ លោកស្រីឧបនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះថ្នាក់ដឹកនាំរាជធានីភ្នំពេញ ដែលបានទទួលយកនិងដោះស្រាយនូវរាល់សំណើរ និងសំណូមពររបស់ខណ្ឌ-សង្កាត់ និងបានដោះស្រាយជូនបានទាន់ពេលវេលា នូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋយើង។ លោកស្រី បញ្ជាក់ថា បញ្ហាការបំរើដល់ប្រជាពលរដ្ឋយើងនេះ យើងពិនិត្យអំពីការធានាការអនុវត្ត នូវយុទ្ធសាស្ត្រចតុកោណ ដែលក្នុងអាណត្តិទី៥ មកដល់ពេលនេះ គឺជាឆ្នាំទី៣ ឈានចូលទី៤ហើយ ឆ្នាំ២០១៧ និង២០១៨ជិតមកដល់ហើយ ដូច្នេះយើងមានព្រឹត្តការណ៍នយោបាយ២ គឺការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលជាព្រឹត្តការណ៍នយោបាយសម្រាប់យើងទាំងអស់គ្នា ត្រូវប្រឹងប្រែងខិតខំ ប្តេជ្ញាថែមទៀត ដើម្បីអោយប្រជាពលរដ្ឋ លោកបានមើលឃើញថាតើ យើងបានបំរើអ្វីគាត់ខ្លះ យើងនៅកៀកកិតជាមួយគាត់យ៉ាងម៉ិចខ្លះ ដើម្បីគាត់វាយតម្លៃប្រកបដោយភាពយុត្តិធម៌ ចំពោះរាជរដ្ឋាភិបាល ដែលបានបំរើនូវសេចក្តីត្រូវការ ទាំងស្មារតី ទាំងសម្ភារៈ ទាំងកិច្ចការអភិវឌ្ឍន៍ ជូនដល់ប្រជាពលរដ្ឋយើងនៅតាមសង្កាត់ ក៏ដូចជាតាមភូមិ។ លោកស្រីសូមអោយអាជ្ញាធរបន្តសកម្មភាពបម្រើសេវាជូនប្រជាជន ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីអោយប្រជាជន ទទួលបានទំនុកចិត្ត សុវត្ថិភាពរបស់គាត់ ។
សូមបញ្ជាក់ថា ខណ្ឌច្បារអំពៅ ជាខណ្ឌទី៥ ដែលលោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ចុះមកជួបសំណេះសំណាល ជាមួយក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ និងភូមិ បន្ទាប់ពីត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញ ។
លោកស្រី ក៏បានបន្តទៀតថា ដើម្បីឲ្យការបំរើសេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព គឺអាអាជ្ញាធរមូលដ្ឋានត្រូវនៅកៀកកិតជាមួយគាត់ដោយបន្តធ្វើឲ្យបានទូលំទូលាយ ធ្វើឲ្យបានស៊ីជម្រៅ ធ្វើឲ្យបានឆ្ងាយហ្នឹង និងមានប្រសិទ្ធិភាព ដើម្បីបំរើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងចូលរួមអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យប្រជាជនទទួលបានទំនុកចិត្ត និងការទទួលបាននូវសុខសុវត្ថិភាពក្នុងការរស់នៅ៕