(ភ្នំពេញ)៖ ជាការឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជុំវិញសេចក្តីថ្លែងការណ៍របស់មន្រ្តីតំណាងការិយាល័យ អង្គការសហប្រជាជាតិ ប្រចាំនៅទីក្រុងភ្នំពេញ ដាក់បន្ទុកឲ្យរាជរដ្ឋាភិបាលកម្ពុជា ពន្យល់អំពីការសម្រេចរបស់រាជរដ្ឋាភិបាល ចំពោះការវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី
ហើយត្រូវបានអ្នកជំនាញច្បាប់ ក៏ដូចជាអ្នកវិភាគមួយចំនួននៅកម្ពុជា គាំទ្រដល់សេចក្តីថ្លែងការណ៍ របស់មន្រ្តីតំណាងអង្គការសហប្រជាជាតិ។
ជុំវិញបញ្ហានេះនៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិតចំហរមួយ ដោយមានខ្លឹមសារដូចខាងក្រោម៖
«អាស្រ័យដោយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានតាំងសំណួរជាច្រើនពាក់ព័ន្ធ និងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹងបំរាមឃាត់ទណ្ឌិត សម រង្ស៊ី ក្នុងការវិលចូលមកកាន់ប្រទេសកម្ពុជា ដោយយកហេតុផលសេចក្តីថ្លែងការណ៍របស់មន្រ្តីតំណាងការិយាល័យ អង្គការសហប្រជាជាតិ ប្រចាំនៅទីក្រុងភ្នំពេញ មកដាក់បន្ទុកអោយរាជរដ្ឋាភិបាលកម្ពុជាពន្យល់អំពីការសម្រេចរបស់រាជរដ្ឋាភិបាល»។
ករណីនេះអ្នកសារព័ត៌មានក៏បានលើកឡើងដែរថា «អ្នកជំនាញច្បាប់ ក៏ដូចជាអ្នកវិភាគមួយចំនួននៅកម្ពុជា បានធ្វើការគាំទ្រដល់សេចក្តីថ្លែងការណ៍ របស់មន្រ្តីតំណាងអង្គការសហប្រ ជាជាតិ នៅក្នុងប្រទេសកម្ពុជានេះផងដែរ»។
ចម្លើយរបស់ខ្ញុំគឺ៖ តាមរដ្ឋធម្មនុញ្ញកម្ពុជារាជរដ្ឋាភិបាលកម្ពុជា គឺមានបន្ទុកជាផ្លូវការចំពោះរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា មានបន្ទុកដាច់ដោយ ឡែកតែមួយគត់ ក្នុងការឆ្លងឆ្លើយពន្យល់ដល់សភាជាតិកម្ពុជា។
រាជរដ្ឋាភិបាល មានកាតព្វកិច្ចតាមផ្លូវច្បាប់ក៏ដូចជា រដ្ឋធម្មនុញ្ញ ដែលបានចែងគឺថែរក្សា ការពារ នីត្យានុកូលភាព សណ្តាប់ធ្នាប់សង្គម (មាត្រា៥២)។ រាជរដ្ឋាភិបាល មានអំណាចក្នុងផ្លូវច្បាប់ នៃការសម្រេចណាមួយ ដែលរាជរដ្ឋាភិបាលយល់ឃើញថា ជាផលប្រយោជន៍រាស្រ្ត និងរដ្ឋ។ ហេតុដូចនេះ គ្មានបុគ្គលណា ឬអង្គការណា ទោះជាខ្មែរ ឬបរទេស មិនអាចជ្រៀតជ្រែក ឬបំពានបាននោះឡើយ។
សេចក្តីថ្លែងការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ គឺមានន័យគ្រប់គ្រាន់មិនត្រឹមតែតំណាង នៃអធិបតេយ្យប្រជាជាតិកម្ពុជាតែប៉ុណ្ណេះនោះទេ ក៏ប៉ុន្តែបង្ហាញនូវអំណាចរដ្ឋឯករាជ្យ៕