(កំពង់ស្ពឺ)៖ ក្រសួងធនធានរ៉ែ និងថាមពល រួមសហការជាមួយអង្គការ JICA នៅព្រឹកថ្ងៃទី៧ ខែវិឆ្ឆិកា ឆ្នាំ២០១៦ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងរំសេវផ្ទុះនៅតាមបណ្តាការដ្ឋានផលិតថ្មនានា សំដៅធ្វើការផ្សព្វផ្សាយច្បាប់គ្រប់គ្រងប្រភេទនៃរំសេវ ទ្រឹស្តីនៃការបំផ្ទុះការគូសប្លង់បំផ្ទុះបែប Benchcut (ប៊ែនខាត់) ការជះឥទ្ធិពលដល់បរិស្ថានតាមរយៈការបំផ្ទុះនិងគ្រោះថ្នាក់តាមរយៈការបំផ្ទុះ និងប្រភេទនៃរំសេវ ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានលោក អឹុង ឌីប៉ូឡា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ អ្នកជំនាញការអង្គការ JICA ប្រចាំនៅអគ្គនាយកដ្ឋានក្រសួងធនធានរ៉ែ និងអ្នកពាក់ព័ន្ធមកពីបណ្តារក្រុមហ៊ុនសហគ្រាសផលិតថ្ម ខេត្តកំពង់ស្ពឺ, កណ្តាល, កំពត, ព្រៃវែង, កំពង់ចាម, ស្ទឹងត្រែង, និងអ្នកពាក់ព័ន្ធដ៏ទៃទៀត មានចំនួន ៥០នាក់។
លោក អ៉ឹង ឌីប៉ូឡា បានថ្លែងថាការគ្រប់គ្រងរំសេវ ផ្ទុះនៅពេលនេះ ក្នុងគោលបំណងចង់អោយអ្នកប្រើប្រាស់មានការយល់ដឹង កាន់តែស៊ីជម្រៅលើភាពចាំបាច់នៃការគ្រប់គ្រងរំសេវផ្ទុះដើម្បីរក្សាបាននូវសុវត្ថិភាពសាធារណៈ ទប់ស្កាត់ការគ្រោះថ្នាក់តាមរយៈរំសេវ ដែលក្នុងច្បាប់មានការកំហិតនូវការផលិតប្រភេទរំសេវ ការលក់ ការរក្សាទុកការដឹកជញ្ជូន និងការប្រើប្រាស់ ។
លោកអ៉ឹង ឌីប៉ូឡា បានបន្តទៀតថា «ខ្ញុំសូមសំណូមពរអោយអ្នកចូលរួមទាំងអស់ ត្រូវសិក្សាស្វែងយល់បន្ថែមទៀតលើរាល់ខ្លឹមសារផ្សព្វផ្សាយស្តីពី ច្បាប់ស្តីពីការគ្រប់គ្រងរំសេវផ្ទុះ ប្រយោជន៍សម្រាប់ក្រុមហ៊ុនសហគ្រាសនីមួយៗ យល់ដឹងកាន់តែខ្ពស់ រាល់បទបញ្ញត្តិ និងកំហិតនានាធានាការអនុវត្តន៍ស្របតាមនិយមន័យដែលច្បាប់ បានកំណត់» ៕