(តាកែវ)៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង នៅរសៀលថ្ងៃសៅរ៍ទី១៧ ខែឧសភា ឆ្នាំ២០២៥ បានជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយមន្រ្តីមន្ទីរព័ត៌មានខេត្ត និងក្រុមអ្នកសារព័ត៌មានមកពីកាសែត វិទ្យុ ទូរទស្សន៍ នឹងក្រុមផលិតមាតិកា នៅក្នុងខេត្តតាកែវ ជាង១០០នាក់ នៅអាហារដ្ឋានតាឧត្តម ស្ថិតក្នុងក្រុងដូនកែវ។
ថ្លែងនៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានកោតសរសើរចំពោះតួនាទីដ៏សំខាន់ របស់អ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងធ្វើជាស្ពានចម្លងពីប្រជាពលរដ្ឋ មកអាជ្ញាធហើយរាល់បញ្ហា តែបងប្អូនអ្នកសារព័ត៌មានចុះផ្សាយពីបញ្ហាផ្សេងៗ និងពីទុកកង្វល់របស់បងប្អូនប្រជាពលរដ្ឋអាជ្ញាធរខេត្តតែងតែយកចិត្តទុកដាក់ និងដោះស្រាយព្រោះអាជ្ញាធរ ជាអ្នកបម្រើរបស់បងប្អូនប្រជាពលរដ្ឋ។
លោក វ៉ី សំណាង ក៏បានស្នើដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ ត្រូវចុះផ្សាយព័ត៌មានពិត មានប្រភពច្បាស់លាស់ និងមានការផ្ទៀងផ្ទាត់មុននឹងចេញផ្សាយ ហើយត្រូវជៀសវាងដាច់ខាតផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានរើសអើងជាតិសាសន៍ និងព័ត៌មានញុះញង់ ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។
ជាមួយគ្នានេះដែរ លោក វ៉ី សំណាង បានផ្តាំផ្ញើដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមចូលរួមយ៉ាងសកម្ម ក្នុងការលុបបំបាត់ព័ត៌មានក្លែងក្លាយ ហើយបញ្ហាព័ត៌មានក្លែងក្លាយនេះ ក្រសួងព័ត៌មានកំពុងតែបើកយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយរយៈពេលមួយឆ្នាំ៕