(បន្ទាយមានជ័យ)៖ លោកបណ្ឌិត ឈឹម វាសនា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំស្រុក នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធខ្លោងទ្វារគណបក្សឃុំ និងប្រកាសសមាសភាពក្រុមការងារ គណបក្សចុះមូលដ្ឋានឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក លោកស្រី ជាក្រុមការងារ បានអញ្ជើញអមដំណើរលោក សេរី កុសល សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យផងដែរ។ សមាជិក សមាជិកា ដែលបានចូលរួម មានសរុបជាង៤០០នាក់។

ក្នុងឱកាសនោះ លោកបណ្ឌិត ឈឹម វាសនា បានពាំនាំនៅការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងសម្ដេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់សុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ដោយបានថែរក្សានៅសុខសន្តិភាព ស្ថេរភាពនយោបាយរហូតមកដល់ពេលនេះ។

លោកបណ្ឌិត ឈឹម វាសនា បានលើកឡើងថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះពីរបបអាវខ្មៅ ហើយប្រជាជនទាំងមូល បានរស់សារជាថ្មី គឺនៅពេលនោះហើយ ដែលទីវត្តអារាម ដែលជាកន្លែងគោរពបូជា របស់ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋត្រូវបានស្ដារឡើងវិញ និងបង្កើតឡើងនៅគ្រប់ទីកន្លែងទូទាំងប្រទេស។

លោកបណ្ឌិត ឈឹម វាសនា បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ និងសមាជិកបក្សថា មានតែគណបក្សប្រជាជនកម្ពុជា ក្រោយការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទេ ដែលនាំមកនូវសន្តិភាពជូនប្រទេសជាតិ ហើយនៅរួមសុខរួមទុក្ខជាមួយពលរដ្ឋគ្រប់ពេលវេលា គ្រប់កាលៈទេសៈ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវជឿជាក់ និងបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានសម្តេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេន ព្រោះមានតែសម្តេចតេជោ និងគណបក្សប្រជាជនទេ ដែលនៅជាមួយបងប្អូនពេលមានការលំបាក មានសម្តេច និងក្រុមការងារសម្តេចចាំជួយជានិច្ច។

លោកបានស្នើដល់បងប្អូនប្រជាពលរដ្ឋ សូមមានការអធ្យាស្រ័យ បើមេភូមិមេឃុំ ធ្វើអ្វីមិនគប្បី សូមកុំខឹងគោវៃរទេះ ហើយក៏សូមឲ្យមេភូមិមេឃុំ ធ្វើតែអំពើល្អ យកចិត្តទុកដាក់ចំពោះពលរដ្ឋ ដោយយកបញ្ហារបស់ពលរដ្ឋជាធំ៕