(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យយកមុខចោរទៅបិទតាម ទីសារណៈបន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋបានឃើញកាន់តែច្បាស់ និងមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលមកលេងបុណ្យអុំទូក ជៀសវាងកុំឲ្យចោរ ទាំងនោះ ឆ្លៀតឱកាស ធ្វើសកម្មភាពនៅពេលមានមនុស្សច្រើនកុះករ ក្នុងពិធីបុណ្យអុំទូក នៅពេលខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ខណៈសម្តេចបានអញ្ជើញចូលរួមជាអធិបតីប្រគល់សញ្ញាបត្រ ជូនគរុនិស្សិត និងនិស្សិតបច្ចេកវិទ្យា ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យា ដែលបញ្ចប់ការ សិក្សាឆ្នាំ ២០១១-២០១៤ ចំនួន ៣,៨២៩នាក់ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងែទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងយ៉ាងដូច្នេះថា «រឿងចោរ ឆក់ប្លន់ ខាងនគរបាល គេបង្ហោះតាម Facebook បាត់ហើយ តែយកល្អមុខរបស់វា គួរយកទៅបិទនៅតាមកន្លែងមួយចំនួន ពីព្រោះតាម Facebook គេអាចឃើញខ្លះ មិនឃើញខ្លះ។ តែខ្ញុំឃើញថា ក្រុមចោរឆក់ កាត់បន្ថយហើយ»។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ ដើម្បីឲ្យប្រជាពលរដ្ឋបានឃើញកាន់តែច្បាស់ និងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលមកលេងបុណ្យអុំទូក។ យ៉ាងណាក៏ដោយ នៅក្នុងឱកាសរៀបចំពិធីបុណ្យអុំទូករយៈពេល៣ ថ្ងៃនៅរាជធានីភ្នំពេញ ក៏មានការដាក់ពង្រាយ កម្លាំងសមត្ថកិច្ចជាង១ម៉ឺននាក់ ការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋផងដែរ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖