(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់អំណោយ ជាថវិកា និងបរិក្ខារមន្ទីរពិសោធន៍ របស់មន្ទីរពេទ្យ អ៊ីនធ័រឃែរ ជូនដល់មន្ទីរពេទ្យហ្លួងម៉ែ ។ពិធីនេះប្រគល់ និងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នាមន្ទីរពេទ្យហ្លួងម៉ែ។
ក្នុងឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណ និងកោតសរសើរជាខ្លាំងចំពោះ លោកស្រីវេជ្ជបណ្ឌិត លឹម លីណា នាយិកាប្រតិបត្តិ នៃមន្ទីរពេទ្យអ៊ីនធ័រឃែរ ត្បិតណាស់ជាក្រុមហ៊ុនឯកជន តែបានដើរតួរនាទីយ៉ាងសំខាន់ និងគំរូ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយលើកកម្ពស់វិស័យសុខាភិបាល និងវិស័យផ្សេងៗទៀត ជាពិសេសគឺកម្មវិធីសប្បុរសធម៌ ។
ជាក់ស្ដែងកន្លងមក មន្ទីរពេទ្យអ៊ីនធ័រឃែរ ក៏បានបរិច្ចាគថវិកាជូន កាកបាទក្រហមកម្ពុជា ចំនួន៥លានដុល្លារអាមេរិក ហើយកាកបាទក្រហមកម្ពុជា ក៏បានយកថវិកាទាំងនេះមកឧបត្ថម្ភទៅមន្ទីរពេទ្យហ្លូងម៉ែ ដែលផ្ដោតលើការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ លើជំងឺមហារីក។
ទន្ទឹមនឹងនោះលោកជំទាវបណ្ឌិត បានសង្ឃឹមយ៉ាងមុតមាំថា មន្ទីរពេទ្យ អ៊ីនធ័រឃែរ នឹងបន្ដចូលរួមលើកកម្ពស់សុខុលភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការអភិវឌ្ឍខ្លួនដោយមិនឈប់ឈរ និងពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយមន្ទីរពេទ្យរដ្ឋ ដើម្បីរួមគ្នាបម្រើសេវាសុខាភិបាល ប្រកបដោយទំនុកចិត្ដ និងក្រមសីលធម៌វិជ្ជាជីវៈ។
ជាការឆ្លើយតប លោកស្រីវេជ្ជបណ្ឌិត លឹម លីណា នាយិកាប្រតិបត្តិ នៃមន្ទីរពេទ្យអ៊ីនធ័រឃែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះការផ្ដល់ឱកាសឱ្យក្រុមហ៊ុនរបស់លោកស្រី បានចូលរួមចំណែកក្នុងការជួយលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាក្នុងវិស័យផ្សេងៗទៀត។
លោកស្រីក៏បានប្ដេជ្ញាចិត្ដខ្ពស់ផងដែរថា ក្នុងនាមអ្នកផ្ដល់សេវាសុខភាពសាធារណៈឯកជនជូនប្រជាពលរដ្ឋ នឹងព្យាយាមពង្រឹង និងពង្រីក សមត្ថភាព និងគុណភាព ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដើម្បីរួមគ្នាបម្រើ និងសង្គ្រោះជីវិតអ្នកជំងឺឱ្យផុតពីមាត់មច្ចុរាជ។លើសពីនោះលោកស្រីនឹងបន្ដកិច្ចសហប្រតិបត្ដិការជាមួយមន្ទីរពេទ្យហ្លួងម៉ែ តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក។
មន្ទីរពេទ្យហ្លួងម៉ែបានដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ និងក្លាយខ្លួនពេញលេញជាមន្ទីរពេទ្យឯកទេស ព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារអន្តរជាតិ នៅដើមឆ្នាំ២០២៥។ មន្ទីរពេទ្យនេះបានបំពាក់នូវម៉ាស៊ីនព្យាបាលជំងឺមហារីក ដោយកាំរស្មីថ្មី ដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ព្រមជាមួយនឹងវេជ្ជបណ្ឌិតឯកទេសមានវិជ្ជាជីវៈខ្ពស់ ធានាបាននូវសុក្រិតភាព និងប្រសិទ្ធភាពខ្ពស់បំផុត ជូនដល់អ្នកជំងឺប្រកបដោយទំនុកចិត្ត និងក្តីសង្ឃឹម។ នេះបើតាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា នាយកមន្ទីរពេទ្យហ្លូងម៉ែ។
សូមជម្រាបផងដែរថា បន្ទាប់ពីបញ្ចប់ពិធីប្រគល់ និងទទួលបរិក្ខារមន្ទីរពិសោធន៍ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានសំណេះសំណាលសួរសុខទុក្ខលោកតា លោកយាយ អ៊ុំ ពូ មីង និងកូនក្មួយ ដែលមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យខាងលើនេះផងដែរ។
កិច្ចសំណេះសំណាលខាងលើ បានធ្វើឲ្យប្រជាពលរដ្ឋសម្តែងនូវការពេញចិត្ត និងកក់ក្តៅជាខ្លាំង និងកោតសរសើរនូវភាពសាមញ្ញ និងទឹកចិត្តករុណារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧត្តមភរិយារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះលោកជំទាវបណ្ឌិត ក៏លើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវបន្ដខិតខំប្រឹងប្រែងពង្រឹងនិងពង្រីកសមត្ថភាពជាបន្ដបន្ទាប់ និងត្រូវបម្រើសេវាសុខាភិបាលជូនប្រជាជនយើងឱ្យកាន់តែប្រសើរឡើង ពិសេសផ្ដល់នូវក្ដីស្រលាញ់ ភាពកក់ក្ដៅ ដូចជាគ្រួសារតែមួយដូច្នេះដែរ៕