(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យកម្មករខ្មែរទាំងអស់ខិតខំធ្វើការ និងបង្កើនផលិតភាព ដើម្បីទប់ទល់នឹងប្រទេស ដែលមានប្រាក់ឈ្នួលទាប មួយចំនួននៅក្នុងតំបន់ដែលកំពុងទាក់ទាញរោងចក្រពីប្រទេសកម្ពុជា។
ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុនិស្សិត និងនិស្សិតបច្ចេកវិទ្យា ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ក្មួយៗទាំងឡាយត្រូវចាំថា ខិតខំរក្សាការងាររបស់យើង ដែលបាននិងកំពុងមានសព្វថ្ងៃនេះ។ ប្រទេសដែលនឹងទាញ យករោងចក្រចេញពីយើងមាន មីយ៉ាន់ម៉ា ដែលប្រាក់ខែអប្បបរមាត្រឹមតែជាង ៦០ដុល្លារទៅ៨០ដុល្លារ នៅប្រទេសឡាវជាង១០០ដុល្លារ នៅបង់ក្លាដេសដែល ខ្ញុំទៅនោះ តំបន់ឧស្សាហកម្មរបស់ជប៉ុនត្រឹមតែ ៧០ដុល្លារទេ ឥឡូវខ្ញុំថាឱ្យឡើងដល់១០០ដុល្លារទៅចុះ។ អញ្ចឹងរោងចក្រអាចចេញផុតពីប្រទេសរបស់យើង»។
បើធៀបនឹងប្រទេសនានា ដែលជាសមាជិកអាស៊ានទាំង១០នោះ ប្រទេសមីយ៉ាន់ម៉ា មានប្រាក់ឈ្នួលអប្បបរមាទាបជាងគេបំផុត។ របាយការណ៍ដែលបង្ហាញ ដោយគេហទំព័រអន្តរជាតិនានា បានឱ្យដឹងថា ប្រាក់ឈ្នួលអប្បបរមារបស់មីយ៉ាន់ម៉ានា ពេលបច្ចុប្បន្ននេះ មានត្រឹមជាង៦០ដុល្លារប៉ុណ្ណោះ ខណៈដែលឡាវមានជាង ១១០ដុល្លារ វៀតណាមជាង ១៣០ដុល្លារ និងកម្ពុជា ១៤០ដុល្លារ។ ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា នឹងឡើងដល់ ១៥៣ដុល្លារ នៅឆ្នាំ២០១៧។
ជាមួយនឹងការប្រយុទ្ធដើម្បីទាក់ទាញ និងរក្សាការវិនិយោគនេះ សម្តេចតេជោ បានជំរុញឱ្យកម្មករ ក៏ដូចជាពលរដ្ឋកម្ពុជាបង្កើនជំនាញបច្ចេកទេសឱ្យកាន់តែខ្លាំងក្លាឡើង ដើម្បីឱ្យផលិតផលចេញពីកម្ពុជា កាន់តែមានគុណភាព។
សម្តេចបានបន្ថែមទៀតថា «យើងត្រូវពង្រឹងសមត្ថភាពបច្ចេកទេស ចំពោះកម្មករដែលមានស្រាប់ ដើម្បីធ្វើឱ្យផលិតផលកាន់តែខ្ពស់ទៅៗ គុណភាពកាន់តែល្អ ដើម្បីយើងរក្សាបណ្តារោងចក្រនៅកម្ពុជា បូកបន្ថែមដោយការបណ្តុះបណ្តាលធនធានមនុស្សរបស់យើង ដើម្បីទទួលយកនូវការវិនិយោគថ្មីៗ ក្នុងវិស័យឧស្សាហកម្ម និងវិស័យដទៃទៀត ដូចជាសេវា និងកសិកម្ម»៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖