(តាកែវ)៖ លោក វ៉ី សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានអញ្ជើញផ្សព្វផ្សាយលទ្ធផលសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងប្រកាសសមាសភាពយុវជនគណបក្សប្រជាជនកម្ពុជាខេត្តថ្មីចំនួន ៧២រូបផងដែរ។

ក្នុងឱកាសនោះលោក វ៉ី សំណាង បានបញ្ជាក់យ៉ាងច្បាស់ថា ភាពរឹងមាំ និងការរីកចម្រើនរបស់ប្រទេសជាតិរហូតមកដល់ពេលបច្ចុប្បន្ននេះ គឺបានមកពីភាពឈ្លាសវៃ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ ដឹកនាំកំពូលគឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានបន្តដឹកនាំប្រទេសជាតិទៅតាមមាគ៌ាដ៏ត្រឹមត្រូវ ធានាបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងដៃគូវិនិយោគជាតិ-អន្តរជាតិ ក៏ដូចជារក្សាបាននូវបរិយាកាសវិនិយោគដ៏ល្អប្រសើរ ដែលកត្តាទាំងនេះបានធ្វើឱ្យដៃគូវិនិយោគមានទំនុកចិត្តខ្ពស់ និងបន្តបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិបន្តរក្សាបាននូវភាពរឹងមាំរហូតមកដល់ពេលនេះ។

ប្រធានគណៈកម្មាធិការបក្សខេត្តតាកែវ បានបន្តថា កម្លាំងដ៏រឹងមាំរបស់ថ្នាក់ដឹកនាំ ក៏បានមកពីការចូលរួមយ៉ាងសកម្ម និងស្មោះត្រង់របស់បងប្អូនយុវជន ដែលជាកម្លាំងស្នូលដ៏សំខាន់។ លោកក៏បានលើកទឹកចិត្តបងប្អូន យុវជនគណបក្សខេត្ត ដែលទើបត្រូវបានប្រកាសសមាសភាពនាពេលនេះ ឱ្យបន្តខិតខំពង្រឹងសមត្ថភាព និងការងាររបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយគាំទ្រថ្នាក់ដឹកនាំ បន្តនាវាជាតិឆ្ពោះទៅរកភាពរីកចម្រើន និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានសម្តែងនូវការកោតសរសើរយ៉ាងក្រៃលែងចំពោះយុវជនគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានប្រកាសសមាសភាពនាថ្ងៃនេះ ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការ អនុវត្តការងារបានយ៉ាងល្អប្រសើរ និងបានជំរុញឱ្យបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការងារយុវជនគណបក្សខេត្តឱ្យកាន់តែល្អប្រសើរ និងខ្លាំងក្លាឡើងថែមទៀត ដើម្បីជាកម្លាំងស្នូលក្នុងការកសាង និងអភិវឌ្ឍន៍ខេត្តតាកែវឱ្យកាន់តែរីកចម្រើន៕