Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន​ ម៉ាណែត ត្រូវបានយកទៅជូនកងទ័ពកំពុងឈរជើងការពារទឹកដីបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី

17-05-2025 14:51

(មណ្ឌលគិរី)៖ លោក កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមសេនាតេជោសន្តិភាព នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារអញ្ជើញ ចុះសួរសុខទុក្ខ និងនាំអំណោយប្រគល់ជូននាយទាហាន នាយទាហានរង និងពលទាហាននៅវរសេនាតូច លេខ១១៥ តំបន់ប្រតិបត្តិសឹងរងមណ្ឌលគិរី ដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅខេត្តមណ្ឌលគិរី។

អំណោយដែលលោក កែវ ផុង នាំទៅប្រគល់ជូនកងទ័ពរួមមាន៖ អង្ករ៤តោន, មីជាតិ ៤០០កេស, ទឹកសុទ្ធវីតាល់ ៣០០កេស, ទឹកត្រី និងទឹកស៊ីអ៊ីវ ៦០០យួរ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ក្នុងឱកាសនោះ លោក កែវ ផុង បានពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង ពលទាហាន ពលទាហានរងទាំងអស់ ដែលកំពុងឈរជើងការពារតាមព្រំដែនកម្ពុជា-វៀតណាម នៅភូមិសាស្រ្ត ខេត្តមណ្ឌលគិរី ដែលជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលជំហរការពារទឹកដី មាតុភូមិឱ្យបានគង់វង្ស។

នាឱកាសនោះដែរ នាយទាហានរង និងពលទាហាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានចាត់គណៈប្រតិភូអញ្ជើញមកជួប សំណេះសំណាល និងនាំយកថវិកាមកឧបត្ថម្ភដល់ទីបញ្ជាការផ្ទាល់ចំណុចនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងការរស់នៅប្រចាំថ្ងៃរបស់កងទ័ព ឈរជើងនៅតាមបន្ទាត់ព្រំដែន។

ព្រមទាំងជាមួយគ្នានេះ ថ្នាក់ដឹកនាំកងទ័ព ព្រមទាំងកងទ័ពទាំងអស់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងដំណើរបំពេញទស្សនកិច្ចទៅកាន់ ប្រទេសឥណ្ឌូនេស៉ី និងប្រទេសទីម័រឡេស្តេ ហើយត្រូវបានមេដឹកនាំរបស់ប្រទេសទាំង២ ទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្តៅជាទីបំផុត។

លោក កែង ផុង បានបន្ថែមថា ទំនាក់ទំនងរវាងសមរភូមិក្រោយ និងសមរភូមិមុខ នៅតែជាចំណងមិនអាចកាត់ផ្តាច់បានទេ ហើយទស្សនៈវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាព បានដាក់ចេញនូវកម្មវិធីនយោបាយជាច្រើនដោយបានខិតខំកៀងគរអ្នកវិនិយោគចូលមកកម្ពុជា ជាពិសេសនៅក្នុងខេត្តមណ្ឌលគិរីបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋ មានការងារធ្វើកាន់តែច្រើន និងមានជីវភាពកាន់តែធូរធារ។

ទន្ទឹមនឹងនោះ កងទ័ពរបស់យើងត្រូវមានគោលជំហរស្មោះត្រង់ចំពោះ «ជាតិ សាសនា ព្រះមហាក្សត្រ» និងគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោតផងដែរ។ ពិតណាស់បងប្អូនកងទ័ព មិនត្រឹមតែការពារជាតិ និងរាជរដ្ឋាភិបាលស្របច្បាប់ប៉ុណ្ណោះទេ បងប្អូនក៏ជាបង្អែកយ៉ាងសំខាន់ ក្នុងការជួយថែរក្សាធនធានធម្មជាតិឱ្យនៅឋិតស្ថេរគង់វង្សយូរអង្វែង ដើម្បីជាប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនទាំងមូល។ នេះជាការផ្តាំចុងក្រោយរបស់លោក កែវ ផុង៕