(ក្រចេះ)៖ លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នៅតែបន្ដ និងស្នើដល់អាជ្ញាធរចូលរួមក្រើនរំលឹក ដល់ប្រជាពលរដ្ឋកម្ពុជា ចំពោះការប្រើប្រាស់កម្ចីអនឡាញ ដែលនាំឲ្យចាញ់បោកល្បិចកលជនទុច្ចរិត បង្ករឲ្យជាប់បណុលវ័ណ្ឌក។
ការលើកឡើរបស់លោក យឹម លាត ធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង កិច្ចការពារអតិថិជន ខេត្តក្រចេះ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។
លោក យឹម លាត បានថ្លែងអំពាវនាវដល់មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្ត ក្រចេះ ចូលរួមផ្សព្វផ្សាយ និងក្រើនរំលឹកដល់សាធារណជន កុំឱ្យចាញ់បោកល្បិចកលជនទុច្ចរិត ចំពោះកម្ចីប្រាក់ក្រៅប្រព័ន្ធ (កម្ចីខុស ច្បាប់) ដែលនាំឱ្យជំពាក់បំណុលខ័ណ្ឌក។
លោក យឹម លាត បានថ្លែងថា «បច្ចុប្បន្នកម្ចីក្រៅប្រព័ន្ធ បានកំពុងរាតត្បាតនៅកម្ពុជា ដែលនាំឱ្យប្រជាពលរដ្ឋរងការជំពាក់បំណុលខ័ណ្ឌក ដោះខ្លួនមិនរួចនាំឱ្យកើតទៅជាវិបត្តិផ្លូវចិត្តផ្សេងៗ, លើសពីនេះទៀត ប្រជាពលរដ្ឋអាចប្រឈមមុខនឹងការគំរាមកំហែង គៀបសង្កត់ គ្រោះថ្នាក់ និងតាមរូបភាពផ្សេងៗទៀត ដើម្បីបង្ខំឲ្យសងប្រាក់ដើម ការប្រាក់ ប្រាក់ពិន័យខុសគោលការណ៍ និងការអូសយកទ្រព្យសម្បត្តិផ្សេងៗ ដោយពុំឆ្លងកាត់ការសម្រេចពីតុលាការជាដើម»។
លោកបានបន្ថែមថា ជុំវិញបញ្ហានេះតាមការស្ទាបស្ទង់មតិ ទៅលើប្រជាជនចំនួន៥៥នាក់ ក្នុងចំណោមប្រជាជនចំនួន១២៣នាក់ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលធាតុចូលស្ដីពីការប្រើប្រាស់ផលិតផល និងសេវាហិរញ្ញវត្ថុ ដែលរៀបចំក្នុងពេលថ្មីៗនេះ ជាលទ្ធផល តាមរយៈការស្ទាបស្ទង់មតិផ្ទាល់ពីបងប្អូនប្រជាពលរដ្ឋ បានបង្ហាញថា ក្នុងចំណោមប្រជាជន៥៥នាក់ មានកម្ចីក្រៅផ្លូវការសរុប ១២នាក់ ស្មើជិត២២ភាគរយ, ឥណទានផ្លូវការ២៧នាក់ ស្មើជាង៤៩ ភាគរយ, កម្ចីទាំងពីរប្រភេទ១២នាក់ ស្មើជិត២២ភាគរយ និងមិនមានការប្រើប្រាស់កម្ចី៤នាក់ ស្មើជាង៧ភាគរយ។
ការណ៍នេះសបញ្ជាក់ថា កម្ចីក្រៅផ្លូវការ កំពុងតែរាតត្បាតមកលើប្រជាពលរដ្ឋតាមតំបន់មូលដ្ឋាន, ដូច្នេះការបញ្ជ្រាបចំណេះ ដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន គឺជាកាតព្វកិច្ចអាទិភាព និងចាំបាច់ ដែលធនាគារជាតិនៃកម្ពុជាបាននិងកំពុងអនុវត្ត និងសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដើម្បីបញ្ជ្រាបការយល់ដឹងនេះដល់ប្រជាជនតាមមូលដ្ឋាន និងគ្រប់វិស័យ ពាក់ព័ន្ធ ដែលជាកាតាលីករជួយជំរុញ និងលើកកម្ពស់បិរយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។
លោកទេសាភិបាលរងបានលើកទឹកចិត្ត និងអំពាវនាវដល់សិក្ខាកាមទាំងអស់ ដែលចូលរួមបន្តជួយផ្សព្វផ្សាយ និងក្រើនរំលឹកដល់សាធារណជន កុំឱ្យចាញ់ បោកល្បិចកលជនទុច្ចរិត បែងចែកឱ្យដាច់ រវាងកម្ចីជាមួយស្ថាប័នស្របច្បាប់ និងកម្ចីពីស្ថាប័នក្រៅច្បាប់៕