(ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់អាជ្ញាធរមូលដ្ឋានបន្តខិតខំធ្វើការបម្រើប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាដែលគាត់ជួបប្រទះ​ ឱ្យសមនឹងអ្វីដែលប្រជាជនស្រលាញ់ និងទុកចិត្តបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អាជ្ញាធរមូលដ្ឋានបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធ​អគារ​សិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ។

សម្តេចមានប្រសាសន៍ថា បើទោះបីជាពេលខ្លះ មន្រ្តីអាជ្ញាធរមូលដ្ឋានមិនល្អឥតខ្ចោះក៏ដោយ ប៉ុន្តែពួកគាត់បានខិតខំដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋជាប្រចាំ បើទោះបីជាពេលខ្លះមិនអាចដោះស្រាយតាមសំណូមពរគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋក្នុងពេលតែមួយ​ ប៉ុន្តែយ៉ាងណាមិញអាជ្ញាធរមូលដ្ឋាននៅបន្តដោះស្រាយជាបន្តបន្ទាប់​។

សម្តេចធិបតីមានប្រសាសន៍ថា ការបន្តដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់នេះ នោះនឹងធ្វើឱ្យប្រជាពលរដ្ឋ ​ដែលជាអ្នកបោះឆ្នោត ​មានការទុកចិត្ត និងផ្តល់ឱកាសឱ្យ​គណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសតទៅទៀត ហើយរដ្ឋាភិបាលនឹងបន្តសងគុណប្រជាពលរដ្ឋ តាមរយៈការបន្តខិតខំបម្រើប្រជាពលរដ្ឋឱ្យបានល្អ នេះជាមូលដ្ឋានដែលគណបក្សប្រជាជនកម្ពុជាបានធ្វើ។

សម្តេចបន្ថែមថា អាជ្ញាធរមូលដ្ឋានត្រូវបន្តខិតខំធ្វើការបម្រើប្រជាពលរដ្ឋ កុំខ្វល់ពីការរិះរបស់បុគ្គលមួយចំនួន។

សម្តេចបវរធិបតីគូសបញ្ជាក់យ៉ាងដូច្នេះថា«ពិតណាស់គេមិនមែនទើបតែជេរឥលូវតាមហ្វេសប៊ុក តែគេជេររាល់ថ្ងៃ រាប់សិបឆ្នាំមកហើយ ឱ្យគេជេរទៀតចុះ ប៉ុន្តែអ្វីភាពជាក់ស្តែងគឺមាសពិត មិនខ្លាចភ្លើង យើងនៅជាមួយប្រជាជន ប្រជាពលរដ្ឋយើងឃើញរាល់ថ្ងៃ ​ ដោះបានតិចឬច្រើនប្រសើរជាងអត់ ហើយយើងទទួលស្គាល់នូវបញ្ហា​ ហើយត្រូវបន្តដោះស្រាយបន្ថែមទៀត ហើយយើងនៅបន្តនៅជាមួយប្រជាពលរដ្ឋបន្តទៀត។ នេះហើយគឺជាមូលដ្ឋានដែលគណបក្សប្រជាជនប្តេជ្ញាចិត្ត បរាបណាប្រជាពលរដ្ឋនៅទូទាំងប្រទេសក៏ដូចជាអ្នកពោធិ៍សាត់ អ្នកវាលវែងផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេស បម្រើប្រជាជន យើងនឹងខិតខំប្រែក្លាយកន្លែងនេះឱ្យកាន់តែប្រសើរទៅទៀត»។

សម្តេចមានប្រសាសន៍ថា ជាក់ស្តែងលទ្ធផលបោះឆ្នោតនៅខេត្តពោធិ៍សាត់ ដែលបង្ហាញថាប្រជាពលរដ្ឋនៅនេះ ជឿជាក់ និងស្រលាញ់គណបក្សប្រជាជនកម្ពុជា គឺ ដោយសារអាជ្ញាធរមូលដ្ឋានធ្វើពិតប្រាកដជាមួយប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋចូលរួមជាមួយ​គណបក្សប្រជាជនកម្ពុជា៕