Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើសម្តេច​តេជោ មិនប្រឆាំងអង្គការសហប្រជាជាតិទេនោះ សង្គ្រាមនឹងផ្ទុះឡើងវិញ ព្រោះការពង្រីកសំណុំរឿងសាលាក្តីខ្មែរក្រហម (Video inside)

17-05-2025 12:13

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ប្រសិនបើសម្តេច​តេជោ មិនប្រឆាំងការពង្រីកសំណុំរឿងនៅសាលាក្តីខ្មែរ​ក្រហមពីសំណាក់អង្គការសហប្រជាជាតិទេនោះ សង្គ្រាមនឹងផ្ទុះឡើងវិញ ព្រោះអតីតទ័ពខ្មែរក្រហមមិនសុខចិត្តនោះឡើយ។

សម្តេចបានថ្លែងបែបនេះ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាកម្ពស់៣ជាន់ ១៨បន្ទប់ និងសមិទ្ធផលនានានៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដែលជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា យុត្តិធម៌សម្រាប់ខ្មែរព្រោះតែរបបកាប់សម្លាប់របស់ខ្មែរក្រហមត្រូវទាមទារ ប៉ុន្តែរឹតតែសំខាន់សម្រាប់អ្នករស់ពីរបបខ្មែរក្រហម គឺសុខសន្តិភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ថ្ងៃមុន សម្តេចតេជោ អញ្ជើញធ្វើបាថកថា នៅប្រទេសទីម័រ ឡេស្តេ បាននិយាយថា បើសិនមិនមានសម្តេចតេជោនៅពេលនោះ ដែលជាប្រមុខរដ្ឋាភិបាល ហ៊ានប្រឈមនឹង UN យើងនឹងមានសង្គ្រាមឡើងវិញ។ មានអ្នកយកទៅបកស្រាយ ដោយមិនយល់។ ពេល UN មកកាត់ក្តីនៅសាលាក្តីខ្មែរក្រហម គេទាមទារស្រាវជ្រាវស៉ើបអង្កេតទាំងអស់ មិនមែនតែមេដឹកនាំកំពូលទេ អាចមេកងពល មេនានាដែលពាក់ព័ន្ធមកវិញទាំងអស់ ទាំងអតីតព្រះមហាក្សត្រ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា បរទេសចូលមកខ្មែរ គេអត់គិតរឿងនយោបាយ និងសង្គ្រាមទេ គេគិតតែរឿងច្បាប់ ដោយមិនដឹងពីការផុយស្រួយសន្តិភាពនៅកម្ពុជាឡើយ។ បើពេលនោះ ហៅទាំងមេកងពល និងមេឃុំ ប្រហែលពួកគាត់មិនទៅទេ ជាពិសេសពេលទើបមានសន្តិភាព។

ហេតុនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តទៀតថា បើធ្វើសមាហរណកម្មហើយ បែរជាហៅពួកគាត់ទៅតុលាការ ក្រោមកត្តាអន្តរជាតិ ប្រហែលមានបញ្ហា។ ការរកយុត្តិធម៌ក្រោមច្បាប់អន្តរជាតិ ក៏ត្រូវគិតពីយុត្តិធម៌ជាតិយើងដែរ ដើម្បីចៀសវាងសង្គ្រាម៕