(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យអ្នករិះគន់ និងគណបក្សប្រឆាំង កាប់ថ្មចំណាំមើលថា តើពលករមីយ៉ាន់ម៉ាប្រមាណ២លាននាក់នៅក្នុងប្រទេសថៃនោះ នឹងយល់ព្រមត្រឡប់ទៅរកការងារនៅប្រទេសកំណើត ដែលមានប្រាក់ឈ្នួលទាប តាមការអំពាវនាវរបស់ លោកស្រី អ៊ុង សានសូជី ដែរឬយ៉ាងណា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «នៅពេលដែល លោកជំទាវ អ៊ុង សានសូជី ប្រើពាក្យថា “តោះ ! ទៅផ្ទះវិញ” នៅខាងក្រុមខាងនេះ គេបង្ហោះរូបខ្ញុំថា “ទៅយើង ទៅប្រទេសថៃ រកការងារធ្វើ” ដាក់ផ្លែឱ្យខ្ញុំ។ ប៉ុន្តែឥឡូវសូមកាប់ថ្មចំណាំរង់ចាំមើលទៅ តើកម្មករនៅមីយ៉ាន់ម៉ា ត្រឡប់ទៅប្រទេសវិញឬក៏អត់? កុំភូទាន់ជឿខ្ញុំ ត្រូវចាំអង្កេតមើលទៅ ឬមិនទៅ»។
សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុនិស្សិត និងនិស្សិតបច្ចេកវិទ្យា ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងែទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
កាលពីខែមិថុនា ឆ្នាំ២០១៦ ខណៈដែលធ្វើទស្សនកិច្ចនៅប្រទេសថៃ បន្ទាប់ពីឈ្នះនៅប្រទេសមីយ៉ាន់ម៉ា លោកស្រី អ៊ុង សានស៊ូជី ប្រធានគណបក្សប្រឆាំងនៅមីយ៉ាន់ម៉ា បានបង្ហាញសារនយោបាយថ្មីមួយ ដោយអំពាវនាវដល់ពលកររបស់ខ្លួននៅក្នុងប្រទេសថៃទាំងអស់ ត្រឡប់ទៅធ្វើការនៅស្រុកកំណើតវិញ។ សារនយោបាយ «តោះ យើងទៅផ្ទះវិញ» របស់លោកស្រី ស៊ូជី បានធ្វើឱ្យពលករមីយ៉ាន់ម៉ាជាច្រើនរំជួលចិត្ត ស្ទើរតែទប់ទឹកភ្នែកមិនបាន។ ប៉ុន្តែទោះជាយ៉ាងនេះក្តីសារនយោបាយរបស់ លោកស្រី អ៊ុង សានស៊ូជី ត្រូវបានក្រុមអ្នកប្រឆាំងនៅកម្ពុជា យកមកធ្វើជាប្រធានបទ ដើម្បីវាយប្រហារទៅលើរដ្ឋាភិបាល ជុំវិញការបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេស។
សម្តេចតេជោ មិនទាន់ជឿថា លោកស្រី អ៊ុង សានស៊ូជី នឹងអាចដោះស្រាយបញ្ហាអត់ការងារធ្វើនៅប្រទេសមីយ៉ាន់ម៉ា បានយ៉ាងឆាប់រហ័សនោះឡើយ។ សម្តេចបានលើកឡើងថា មានបញ្ហាពីរដែលធ្វើឱ្យ អ្នកស្រី ស៊ូជី មិនងាយនឹងធ្វើបានដូចសារនយោបាយរបស់គាត់ នោះគឺដោយសារតែ នៅប្រទេសមីយ៉ាន់មា មានប្រាក់ឈ្នួលទាបបំផុតបើធៀបនឹងនៅប្រទេសថៃ។ ក្រៅពីនោះ គឺការកើនឡើងនៃតម្រូវការការងារធ្វើនៅក្នុងស្រុកបន្ថែមទៀត។
សម្តេចតេជោថា «ខ្ញុំថាឱ្យរយៈពេល២ឆ្នាំ តើអ្នកឯងអាចបង្កើតការងារបានស្មើនឹងចំនួនមនុស្សដែលត្រូវត្រឡប់ពីប្រទេសថៃឬទេ? យើងថា១លានកន្លះនាក់ទៅចុះ បើសិនជាបង្កើតបានគ្រាន់តែបង្កើត អ្នកដែលដល់អាយុ ដែលចេញពីសាលា ហើយនឹងត្រូវរកការងារធ្វើនៅក្នុងប្រទេសមីយ៉ាន់ម៉ា នេះជាបញ្ហាទី១ បញ្ហាទី២ គឺនៅប្រទេសថៃ គេអាចរកបាន២០០ ទៅ៣០០ដុល្លារក្នុងមួយខែ តើគេទៅយកអា៦៧ដុល្លារដែរឬទេ?»។
បើធៀបនឹងប្រទេសនានាដែលជាសមាជិកអាស៊ានទាំង១០នោះ ប្រទេសមីយ៉ាន់ម៉ា មានប្រាក់ឈ្នួលអប្បបរមាទាបជាងគេបំផុត។ របាយការណ៍ដែលបង្ហាញដោយ គេហទំព័រអន្តរជាតិនានា បានឱ្យដឹងថា ប្រាក់ឈ្នួលអប្បបរមារបស់មីយ៉ាន់ម៉ានា ពេលបច្ចុប្បន្ននេះ មានត្រឹមជាង៦០ដុល្លារប៉ុណ្ណោះ ខណៈដែលឡាវមានជាង ១១០ដុល្លារ វៀតណាមជាង១៣០ដុល្លារ និង កម្ពុជា ១៤០ដុល្លារ។ ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា នឹងឡើងដល់១៥៣ដុល្លារ នៅឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រាក់ឈ្នួលរបស់មីយ៉ាន់ម៉ាពេលនេះ មានប្រហាក់ប្រហែលនឹងពាក់កណ្តាលប៉ុណ្ណោះ នៃប្រាក់ឈ្នួលក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះ មិនមែនតែប្រទេសកម្ពុជា និងមីយ៉ាន់ម៉ាទេ ដែលមានពលរដ្ឋទៅធ្វើការងារនៅក្រៅប្រទេស ដើម្បីស្វែងរកប្រាក់ ឈ្នួលខ្ពស់។ ប្រទេសថៃ និង ហ្វីលីពីន ក៏មានពលរដ្ឋចេញទៅធ្វើការនៅក្រៅប្រទេសដូចគ្នាដែរ។ សម្តេចថា បច្ចុប្បន្ននេះ ក្នុងបណ្តាប្រទេសអាស៊ានទាំងអស់ ហ្វីលីពីនជាប្រទេសដែលមានពលរដ្ឋទៅធ្វើការងារនៅក្រៅប្រទេសច្រើនជាងគេបង្អស់ រហូតដល់ ១០លាននាក់ ហើយក្នុងនោះពលរដ្ឋហ្វីលីពីន ដែលមកធ្វើការងារនៅក្នុងប្រទេសកម្ពុជា ក៏មានចំនួន១ម៉ឺននាក់ផងដែរ។
តាមការបញ្ជាក់ពី លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានពលករទៅធ្វើការនៅ ក្រៅប្រទេសជាង១លាន១សែននាក់ ដែលមក្នុងនោះ មាននៅប្រទេសថៃ១លាននាក់ នៅប្រទេសកូរ៉េខាងត្បូង នៅម៉ាឡេស៊ី ជប៉ុន និងសិង្ហបុរី ជាដើម។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាកំពុងសាកល្បងបញ្ជូនពលករទៅធ្វើការនៅប្រទេសសិង្ហបុរី ដែលជាប្រទេសមានប្រាក់ឈ្នួលខ្ពស់បំផុត៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖