(វ៉ាស៊ីនតោនឌីស៊ី)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាម៉េរិក និងប្រទេសម៉ិចស៊ិចកូ និងលោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយកនាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Adrian Smith សមាជិកសភាសហរដ្ឋអាម៉េរិក និងជាប្រធានអនុគណៈកម្មាធិការពាណិជ្ជកម្ម នៃគណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយរបស់សភាសហរដ្ឋអាម៉េរិក។
ក្នុងជំនួបនាឱកាសនេះលោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកត្តាអំណោយផល និងភាពទាក់ទាញរបស់ប្រទេសកម្ពុជា សម្រាប់ការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុនធំៗពីសហរដ្ឋអាម៉េរិក រួមមាន៖ កម្លាំងពលកម្មវ័យក្មេង និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលដល់ការធ្វើធុរកិច្ចរបស់វិស័យឯកជន។ ជាសក្ខីកម្មជាក់ស្ដែងលោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកបង្ហាញអំពីក្រុមហ៊ុនរបស់សហរដ្ឋអាម៉េរិកដែលកំពុងមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជានិងទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់។
ទន្ទឹមនឹងនេះលោក Adrian Smith សមាជិករដ្ឋសភា ក៏បានបង្ហាញពីការគាំទ្រក្នុងការបង្កើនការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យដែលជាអាទិភាពរួមគ្នា ព្រមទាំងបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀតផងដែរ៕