(បន្ទាយមានជ័យ)៖ គ្រាដែលរដូវរងានឹងឈានចូលមកដល់នាពេលខាងមុខដ៏ខ្លីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញអាវរងាចែកជូនកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅតាមភូមិភាគនានា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមទល់ដែន។
អាវរងារបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបាននាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោ ធពលខេមរភូមិន្ទយកទៅចែកជូនកងទ័ពជាបន្តបន្ទាប់។ កម្លាំងប្រដាប់អាវុធ ដែលនាយឧត្តមសេនីយ៍ គន់ គីម បាននាំអាវរងាយកទៅចែកជូននោះមានដូចជានៅក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ។
នាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់នៅចំពោះមុខកងទ័ពថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់កងកម្លាំងគ្រប់ប្រភេទ ជាពិសេសកងកម្លាំងកំពុង ឈរជើងការពារទឹកដីនៅតាមបន្ទាត់ព្រំដែន។ នាយឧត្តមសេនីយ៍ គន់ គីម បានបន្តថា ឈរលើស្មារតីនៃការយកចិត្តទុកដាក់លើសុខទុក្ខ របស់កងទ័ពនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាឲ្យយកអាវរងាចែកជូនដល់កងកម្លាំងទាំងអស់ពាក់ការ ពារភាពត្រជាក់។
ក្នុងឱកាសនាំយកអាវរងាចែកជូនកងកម្លាំងនោះ នាយឧត្តមសេនីយ៍ គន់ គីម បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់យកចិត្តទុកដាក់ថែទាំ សុខភាព ហើយត្រូវប្រឹងប្រែងហ្វឹកហាត់ និងលេងកីឡាជាដើម ដើម្បីឲ្យសុខភាពបានកាន់តែរឹងមាំ៕