(បាត់ដំបង)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ ដែលមានលោក ស្រេង សុខា ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការី នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ដ្រាក់ ចំនួន៣គ្រួសារ ស្ថិតភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ថ្លែងក្នុងឱកាសសំណេះសំណាលនេះ លោក ស្រេង សុខា បាននាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជាពិសេសសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិរបស់ពលរដ្ឋ ដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។

លោកប្រធានអនុសាខា បានបន្តថា ជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពោល «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

សូមបញ្ជាក់ថា គ្រួសារនីមួយៗ ទទួលបានអំណោយរួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ, ទឹកបរិសុទ្ធ១កេស និងត្រីខ១០កំប៉ុង ព្រមទាំងថវិកា២ម៉ឺនរៀលផងដែរ៕