(ភ្នំពេញ)៖ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ គឺជាទិវាខួបរម្លឹកអនុស្សាវរីយ៍លើកទី៨០ នៃថ្ងៃកំណើតនគរបាលជាតិ។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយស្តីពីប្រវត្តិរបស់នគរបាលជាតិរយៈពេល៨០ឆ្នាំកន្លងមកនេះ៖

ស្របពេលដែលកម្ពុជាប្រារព្ធខួបលើកទី៨០ នៃការបង្កើតកងកម្លាំងនគរបាលជាតិនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥, ឱកាសនេះ គឺជាព្រឹត្តិការណ៍ប្រកបដោយមោទនភាព និងដ៏មហោឧឡារិកក្នុងដំណើរដ៏វែងឆ្ងាយរបស់ខ្លួន និងភាពស្មុគស្មាញរបស់ប្រទេសជាតិ ឆ្ពោះទៅកាន់សន្តិភាព យុត្តិធម៌ និងសន្តិសុខជាតិ។

តាំងពីកំណើតផ្តើមក្នុងគ្រា ដែលមានចលាចលក្នុងសម័យសង្រ្គាមលោកលើកទី២ នាឆ្នាំ១៩៤៥ រហូតមកដល់សម័យកាលទំនើប ដែលជាសសរស្តម្ភដ៏សំខាន់នៃស្ថិរភាពផ្ទៃក្នុង, នគរបាលជាតិកម្ពុជា បានវិវត្តន៍ពីមួយជំនាន់ទៅមួយជំនាន់ តាំងពីក្នុងសម័យអាណានិគម សម័យសង្រ្គាម សម័យរបបប្រល័យពូជសាសន៍ និងសម័យរំដោះជាតិ និងការកសាងប្រទេសឡើងវិញ ដែលអ្វីទាំងនេះ គឺជាសាក្សីដ៏ពិតប្រាកដនៃភាពផ្លាស់ប្តូររបស់ជាតិក្នុងរយៈពេល៨០ឆ្នាំរួចមកនេះ។

*ប្រភពដើម៖ កើតក្នុងសម័យចលាចលឆ្នាំ១៩៤៥

នគរបាលជាតិកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ ក្នុងអំឡុងគ្រាដែលប្រវត្តិសាស្ត្រក្នុងតំបន់និងសកលលោក កំពុងឆ្លងកាត់សង្គ្រាមលោកលើកទី២។ នៅដំណាក់កាលចុងក្រោយនៃសង្គ្រាមលោកលើកទី២នោះ អធិរាជជប៉ុន បានចូលមកផ្លាស់ប្តូរការគ្រប់គ្រងអាណានិគមបារាំងនៅឥណ្ឌូចិនអស់ជាច្រើនខែ ដោយពួកគេបានជំរុញឱ្យរដ្ឋាភិបាលក្រោមបង្គាប់នៅក្នុងឥណ្ឌូចិននាពេលនោះ ត្រូវធ្វើកិច្ចការគ្រប់គ្រងថ្មីក្នុងប្រទេស តាមការចង់បានរបស់ជប៉ុន។

ក្រោមសម្ពាធនេះ ព្រះបាទ នរោត្តម សីហនុ បានប្រកាសឯករាជ្យរបស់ប្រទេសកម្ពុជាចេញពីប្រទេសបារាំងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤៥ ដែលការប្រកាសឯករាជ្យនោះហើយ បានជម្រុញឱ្យមានតម្រូវការបន្ទាន់សម្រាប់បង្កើតកងកម្លាំងសន្តិសុខ ដើម្បីរក្សាសណ្តាប់ធ្នាប់ផ្ទៃក្នុងនិងការការពាររដ្ឋបាលថ្មី ដែលមិនទាន់មានស្ថិរភាពនឹងនរ។ ហេតុដូច្នេះហើយ ការបង្កើតនគរបាលជាតិ ក៏ត្រូវបានធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ ដោយយកគម្រូនិងលំនាំយកតាមរបៀបបារាំង ប៉ុន្តែត្រូវបំពេញភារកិច្ច ក្រោមរដ្ឋបាលថ្មី ដែលជប៉ុនកំពុងត្រួតត្រានាពេលនោះ។

ទោះជាយ៉ាងណាក៏ដោយ រយៈពេលនៃឯករាជ្យភាពក្រោមអំណាចជប៉ុននោះ មានរយៈពេលខ្លីប្រមាណតែ៦ខែប៉ុណ្ណោះ។ ដូច្នេះបន្ទាប់ពីការចុះចាញ់របស់ជប៉ុននៅខែតុលា ឆ្នាំ១៩៤៥ នោះមកការគ្រប់គ្រងអាណានិគមបារាំង បានវិលត្រឡប់មកវិញ ហើយប្រទេសកម្ពុជាបានក្លាយជាផ្នែកមួយនៃឥណ្ឌូចិនរបស់បារាំងម្តងទៀត។ ទោះជាយ៉ាងណាក៏ដោយ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ ត្រូវបានដក់ជាប់ក្នុងមនសិការជាតិថាជាថ្ងៃកំណើតនៃស្ថាប័ននគរបាល ក្រោមស្នាព្រះហស្ថ ដ៏ឧត្តុងឧត្តមរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។

* ការផ្លាស់ប្តូរ និងការពង្រីក ក្រោយសម័យឯករាជ្យរវាងឆ្នាំ១៩៥៣-១៩៧០

នៅពេលដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញពីប្រទេសបារាំងនៅឆ្នាំ១៩៥៣ នគរបាលជាតិ បានឈានចូលក្នុងជំពូកថ្មីមួយទៀត។ ក្រោមការដឹកនាំរបស់ព្រះបាទ នរោត្តម សីហនុ និងរបបសង្គមរាស្រ្តនិយម, ស្ថាប័ននគរបាលនាជំនាន់នោះ បានដើរតួនាទីចំនួនពីរគឺការធានាសន្តិសុខក្នុងស្រុក និងការគាំទ្ររបបសង្គមរាស្ត្រនិយមក្នុងសម័យ ដែលមានភាពតានតឹងនយោបាយក្នុងតំបន់ និងសង្គ្រាមត្រជាក់។

ក្នុងសម័យនោះ កម្លាំងប៉ូលិសត្រូវបានពង្រីកកាន់តែធំ កាន់តែមានជំនាញវិជ្ជាជីវៈ និងចូលរួមយ៉ាងស៊ីជម្រៅក្នុងកិច្ចការរដ្ឋ…ជារឿយៗសហការយ៉ាងជិតស្និទ្ធជាមួយសេវាស៊ើបការណ៍សម្ងាត់ និងយោធា ដើម្បីទប់ស្កាត់ភាពចលាចលក្នុងស្រុក ឬទប់ស្កាត់ចលនាប្រឆាំង។

* ការធ្វើយោធា និងការដួលរលំនៅក្រោមសង្គ្រាម និងបដិវត្តន៍ រវាងពីឆ្នាំ១៩៧០-១៩៧៩

រដ្ឋប្រហារឆ្នាំ១៩៧០ ដឹកនាំដោយឧត្តមសេនីយ៍ លន់ នល់ ដែលបានទម្លាក់សម្តេច នរោត្តម សីហនុ និងបង្កើតរបបសាធារណរដ្ឋខ្មែរ បានធ្វើការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងរចនាសម្ព័ន្ធ និងគោលបំណងនៃកងកម្លាំងនគរបាលក្នុងជំនាន់នោះ។ នៅពេលដែលប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល ប្រឆាំងនឹងអំពើបះបោររបស់កងកម្លាំងតស៊ូទ័ពព្រៃខ្មែរក្រហម, កងកម្លាំងនគរបាលជាតិពេលនោះ បានក្លាយទៅជាកម្លាំងប្រយុទ្ធ ដោយធ្វើការស្របគ្នាជាមួយនឹងកងកម្លាំងប្រដាប់អាវុធ ដើម្បីបង្ក្រាបកងកម្លាំងតស៊ូទ័ពព្រៃ និងការការពាររដ្ឋាភិបាលរបស់លោក លន់ នល់។ ទោះយ៉ាងណាក៏ដោយ ការដួលរលំនៃរបបសាធារណរដ្ឋខ្មែរនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ អ្វីៗទាំងឡាយត្រូវបានអន្តរាយខ្ទេចខ្ទីទាំងអស់។

នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យរវាងពីខែមេសា ឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩, ស្ថាប័នរដ្ឋទាំងអស់រួមទាំងនគរបាលជាតិ ត្រូវបានគេរំលាយចោលអស់ទាំងស្រុង។ អ្នកបម្រើក្នុងជួរនគរបាល ក៏ដូចជាទាហាននៃកងកម្លាំងប្រដាប់អាវុធ, អ្នករដ្ឋការនានាដែលបំរើរបបសាធារណរដ្ឋខ្មែរ បានក្លាយជាមុខព្រួញកម្ទេចរបស់ក្រុមអង្គការស្លៀកខោអាវខ្មៅ។

* ការកើតជាថ្មី និងការកសាងឡើងវិញ

បន្ទាប់ពីការរំដោះទីក្រុងភ្នំពេញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩, អាទិភាពមួយក្នុងចំណោមអាទិភាពនានាទាំងឡាយ គឺការកសាងស្ថាប័នជាតិឡើងវិញ រួមទាំងអង្គភាពនគរបាល ដែលត្រូវបានគេបំផ្លាញក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

ក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិថ្មីត្រូវបានបង្កើតឡើង ដែលដំបូងផ្តោតលើ៖ ការធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ, ការប្រយុទ្ធប្រឆាំងនឹងក្រុមកាកសំណល់ខ្មែរក្រហម, គាំទ្រការកសាងឡើងវិញក្រោយសង្គ្រាម និងការបង្កើតបណ្តាញសន្តិសុខគ្រប់ជាន់ថ្នាក់ តាំងពីភូមិ, ឃុំ/សង្កាត់, ស្រុក/ខណ្ឌ, ខេត្ត នៅទូទាំងប្រទេស។ កងកម្លាំងនគរបាល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាសណ្តាប់ធ្នាប់ ជួយពង្រឹង ស្ថិរភាពនយោបាយ ខណៈដែលប្រទេសជាតិពេលនោះ នៅមិនទាន់បានទទួលសុខសន្តិភាពល្អដូចបច្ចុប្បន្ននេះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងសារលិខិតជូនពរទិវាខួបអនុស្សាវរីយ៍លើកទី៨០ នៃថ្ងៃកំណើតនគរបាលជាតិ បានថ្លែងថា «គិតមកដល់ពេលនេះ មានរយៈពេល៨០ឆ្នាំហើយ ដែលវីរៈកងកម្លាំងនគរបាលជាតិកម្ពុជាបាន ចាប់បដិសន្ធិ និងបានវិវត្តន៍ឆ្លងកាត់វិញ្ញាសាជាច្រើនរួមទាំងឧបសគ្គ និងបញ្ហាប្រឈមប្រែប្រួលដ៏ស្មុគស្មាញ នៃរបត់សង្គម ហើយជាអកុសលក្នុងសម័យកាលខ្មៅងងឹតនៃរបបកម្ពុជាប្រជាធិបតេយ្យ ស្ថាប័ននគរបាលជាតិកម្ពុជា ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង»។

សម្តេចបវរធិបតី បានថ្លែងបន្តថា «ក្រោយថ្ងៃរំដោះ ០៧ មករា ឆ្នាំ១៩៧៩ កងកម្លាំងនគរបាលជាតិត្រូវបានរៀបចំបង្កើតឡើងវិញ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បន្ទាប់ពីប្រទេសជាតិយើងត្រូវបានសង្គ្រោះ ផុតពីរបបប្រល័យពូជសាសន៍។ ក្រោមការដឹកនាំផ្ទាល់របស់ក្រសួងមហាផ្ទៃ ជាច្រើនឆ្នាំមកនេះកងកម្លាំង នគរបាលជាតិបានអភិវឌ្ឍខ្លួនឥតឈប់ឈរ និងបានសម្រេចស្នាដៃយ៉ាងច្រើនឥតឧបមា ដែលបង្ហាញពីតួនាទីជាកម្លាំងស្នូលមិនអាចខ្វះបាន ជួយដល់រាជរដ្ឋាភិបាលក្នុងការតស៊ូលើសមរភូមិសន្តិសុខ ជាពិសេសការតស៊ូ ទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ និងការការពារសន្តិសុខជាតិ ស្ថិរភាពសន្តិសុខផ្ទៃក្នុង ក៏ដូចជាសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម ក្នុងកាលៈទេសៈដ៏សែនលំបាក ដែលប្រទេសជាតិ ឆ្លងកាត់ភាពក្រីក្រ សង្គ្រាមស៊ីវិល ការផ្សះផ្សាបង្រួបបង្រួមជាតិ រហូតមកដល់ដំណាក់កាលសន្តិភាព»

* សម្លឹងទៅមុខ៖ កម្លាំងសម្រាប់ប្រជាជន

ឆ្នាំ២០២៥ គឺជាឆ្នាំមួយ ដែលសភាពការណ៍របស់ពិភពលោក បានស្ថិតក្នុងស្ថានភាពស្មុគ ស្មាញជាពិសេស ភាពវិវត្តន៍ទាំងរូបភាពល្អ និងមិនល្អនៃកត្តាបច្ចេកវិទ្យា AI។ នៅពេលដែលប្រទេសកម្ពុជាក៏ដូចជាប្រទេសជាច្រើនលើសកលលោក កំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខ Cyber Crime ក្នុងសតវត្សរ៍ទី២១ ចាប់ពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត រហូតដល់ការជួញដូរឆ្លងដែន, កិច្ចការពង្រីកសមត្ថភាពរបស់នគរបាលជាតិកម្ពុជា ក៏តម្រូវចាំបាច់ត្រូវតែមានការអភិវឌ្ឍផងដែរ។

សម្តេចបវរធិបតី បានថ្លែងក្នុងសារលិខិតអបអរដដែល បញ្ជាក់ថា៖ «ឆ្នាំ២០២៥ នេះសភាពការណ៍ពិភពលោកអាចនឹងបន្តវិវត្តន៍ប្រែប្រួលស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងអាចលេចឡើងនូវបញ្ហាប្រឈមមួយចំនួន ជះឥទ្ធិពលប៉ះពាល់ដល់ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៃព្រះរាជាណាចក្រកម្ពុជា។ សភាពការណ៍ផ្ទៃក្នុងប្រទេស ថ្វីដ្បិតតែកំពុងបន្តរីករាយទទួលផលពីសុខសន្តិភាព ក៏ប៉ុន្តែក្នុងបរិបទដែលមានការគំរាមកំហែងនៃប្រភេទ បទល្មើសថ្មី បទល្មើសមិនប្រពៃណី បទល្មើសបច្ចេកវិទ្យា បទល្មើសមានការចាត់តាំង។ល។ បានធ្វើឱ្យសំណូមពរក្នុងការធានាស្ថិរភាពសន្តិសុខ និងសុវត្ថិភាពសង្គម ដែលជាបរិស្ថានគ្របដណ្តប់នៃយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ គឺជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដែលថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលគ្រប់លំដាប់ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងឱ្យបានក្លៀវក្លា ប្រកបដោយមនសិការជាតិ ការពលិកម្មនិងការលះបង់ គ្រប់បែបយ៉ាង ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពរាល់បញ្ហាប្រឈម ព្រមទាំងធានាបានថាព្រះរាជាណា ចក្រកម្ពុជា នៅតែស្ថិតក្នុងដំណើរវិវឌ្ឍន៍ទៅកាន់សេចក្តីសុខ សេចក្តីចម្រើនគ្រប់ទិសទីនិងគ្រប់សហគមន៍»

ខួបលើកទី៨០ របស់កងកម្លាំងនគរបាលជាតិ នាពេលនេះមិនត្រឹមតែជាការរំលឹកពីប្រវត្តិនិងដំណើរការបត់បែនរបស់ខ្លួនជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ, ខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ក្នុងឆ្នាំ២០២៥នេះ ក៏ជាការជម្រុញដាស់តឿនដល់កង កម្លាំងនគរបាលជាតិ ត្រូវបន្តការលើកកម្ពស់វិជ្ជាជីវៈឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀត ដើម្បីកសាងសមត្ថភាពកងកម្លាំងនគរបាលនៃប្រទេសកម្ពុជា ជាពិសេសកត្តាអភិវឌ្ឍន៍បច្ចេកវិទ្យា ដើម្បីឱ្យកាន់តែមានគុណភាពនិងកិច្ច សហប្រតិបត្តិការស៊ីជម្រៅជាមួយបណ្តាប្រទេសនានាលើសកលលោក។

ដូចប្រសាសន៍បញ្ជាក់របស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ដែលបានថ្លែងដាស់តឿនចុងក្រោយ ក្នុងសារលិខិតជូនពរជាមួយការ ថ្លែងអំណរគុណ និងលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិគ្រប់រូប សូមខិតខំបន្តស្មារតីតស៊ូ អត់ធន់ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញបច្ចេកទេស និងគុណភាព ប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និង សង្គមជាតិ ជាពិសេសធ្វើការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាគ្រឹះ និងជាសសរស្តម្ភសម្រាប់អភិវឌ្ឍប្រទេសជាតិបន្តទៀត៕