(ស្វាយរៀង)៖ លោកបណ្ឌិត សម តារាសមាជិកសភាមណ្ឌលស្វាយរៀង អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានចុះពិនិត្យមើលទីតាំង ការិយាល័យបោះឆ្នោតមានប្រជាពលរដ្ឋ មកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ នៅ ភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុង ស្វាយរៀង និងបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ អាជីវករ នៅផ្សារស្វាយជ្រំ នៅឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោកបណ្ឌិត សម តារា បានឲ្យដឹងថា ប្រជាពលរដ្ឋដែលបានចុះឈ្មោះកាលពីឆ្នាំ២០១៦ ដែលមិនធ្លាប់បាន ធ្វើបច្ចុប្បន្នភាព ទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតពីមុនមក អាចមកធ្វើការផ្លាស់ប្ដូររូបថត និងស្នាមម្រាមដៃ ព្រោះបើគិតមកដល់ បច្ចុប្បន្នគឺមានអាយុកាល ១០ ឆ្នាំហើយ បើតាមកត្តាធម្មជាតិ ភិនភាគរបស់អ្នកបោះឆ្នោតម្នាក់ៗ តែងតែមានការប្រែប្រួលដូចជាមុខមាត់ចាស់ជាងមុន និងសំណឹកស្នាមម្រាមដៃជាដើម ដែលនាំឱ្យខុសពី ទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោត។

លោកបណ្ឌិត បានបញ្ជាក់ថា ការចូលរួមរបស់ប្រជាពលរដ្ឋនាំឱ្យ គុណភាពបញ្ជីបោះឆ្នោត កាន់តែមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ដែលជាផ្នែកសំខាន់មួយ ក្នុងកសាងទំនុកចិត្ត មកលើ ការបោះឆ្នោត និងការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះលោកបណ្ឌិត សម តារា បានដឹកនាំក្រុមការងារចុះជួបអាជីវករលក់ដូរនៅផ្សារស្វាយជ្រំ ស្រុកស្វាយជ្រំ ដើម្បីបង្កើតនូវភាពស្និទស្នាលក្នុងនាមជាតំណាងរាស្ត្រ និងបានឧបត្ថម្ភដល់អ្នកលក់ដូរដែលមានជីវភាពខ្វះខាតនូវថវិការមួយចំនួនសរុបថវិកា ១ ៤០០ ០០០រៀលផងដែរ៕