(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ឈ្មោះ ទួន សុផល ភេទប្រុស អាយុ៤៧ឆ្នាំ ដែលជាមេការ បុរី អេសឡឺបាឡង់ បច្ចុប្បន្នស្នាក់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចកាត់ខ្សែភ្លើង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ និងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅចំណុច បុរី ខាងលើ។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹង លោកបានដឹកនាំកម្លាំងចុះទៅដល់ទីតាំងកើតហេតុ ហើយពិនិត្យលើកាមេរ៉ាសុវត្ថិភាព កំណត់មុខសញ្ញាលើជនសង្ស័យ ហើយធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១១៖៣០នាទី ថ្ងទី១៥ ខែឧសភា ឆ្នាំ២០២៥ ទើបឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ វិញ វីរ: ហៅ ក្រាក់ ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងឧបករណ៍សម្រាប់កាត់ខ្សែភ្លើងមួយចំនួន ហើយនាំមកមូលដ្ឋានកងរាជងាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងទៀតថា ក្រោយកម្លាំងជំនាញសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងទាំងពីរលើក ហើយយកទៅលក់ ដើម្បីយកទៅលក់យកលុយមកទិញគ្រឿងញៀនប្រើប្រាស់ពិតប្រាកដមែន។

ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕