(សេអ៊ូល)៖ ឧបនាយករដ្ឋមន្ត្រីតៃវ៉ាន់ លោកស្រី Cheng Li-chiun បានឱ្យដឹងថា អ្នកតំណាងពាណិជ្ជកម្មតៃវ៉ាន់ និងសហរដ្ឋអាមេរិក បានជួបគ្នានៅក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់ការចរចាពាណិជ្ជកម្ម ហើយមានសុទិដ្ឋិនិយមថា នឹងកិច្ចពិភាក្សាបន្ថែមទៀត ដែលអាចនាំទៅរកការកាត់បន្ថយពន្ធ របស់សហរដ្ឋអាមេរិកលើការនាំចេញតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ ២០២៥។

ប្រធានក្រុមចរចារបស់តៃវ៉ាន់ លោកស្រី Jenni Yang បានជួបប្រធានតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ក្នុងកិច្ចប្រជុំពាណិជ្ជកម្មនៃក្រុមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ីប៉ាស៉ីហ្វិក (APEC) នៅលើកោះ Jeju និងបានរាយការណ៍ថាមានកិច្ចចរចាដ៏ល្អ ដោយភាគីទាំងពីរ ចែករំលែកការរំពឹងទុក ចំពោះអនាគតសេដ្ឋកិច្ចតៃវ៉ាន់-អាមេរិក ហើយព្រមព្រៀងបន្តកិច្ចពិភាក្សា នាពេលខាងមុខ។ តាមលោកស្រី Cheng «តៃវ៉ាន់មានទំនុកចិត្តថា អាចសម្រេចបានសមតុល្យពាណិជ្ជកម្ម ដោយការបង្កើនការទិញពីសហរដ្ឋអាមេរិក ហើយឥឡូវនេះអាមេរិក គឺជាគោលដៅវិនិយោគក្រៅប្រទេសកំពូល សម្រាប់តៃវ៉ាន់»។

គួរបញ្ជាក់ថា ក្រោមគោលនយោបាយពន្ធគយ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តៃវ៉ាន់ ប្រឈមមុខនឹងពន្ធ ៣២ភាគរយលើទំនិញនាំចេញរបស់ខ្លួន ដែលស្ថិតក្រោមការផ្អាករយៈពេល ៩០ថ្ងៃដូចប្រទេសដទៃទៀតដែរ។ តៃវ៉ាន់ បានសន្យាថាទិញទំនិញ និងបណ្តាក់ទុនបន្ថែមទៀតនៅអាមេរិក ដើម្បីសម្រេចបានពាណិជ្ជកម្ម ដែលមានតុល្យភាពជាងមុន៕