(ភ្នំពេញ)៖ តុលាការសម្រេចផ្តន្ទាទោសលោក ហុង សុខហួរ ដាក់ពន្ធនាគារ៧ឆ្នាំ មិនពិន័យជាប្រាក់ទេ នេះបើយោងតាមមន្រ្តីតុលាការថ្លែងប្រាប់មុននេះបន្តិច។
លោក ហុង សុខហួរ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទល្មើស ក្នុងនោះមាន៖ បទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីឆ្នាំ២០១៥ បន្ទាប់ពីលោកបានបង្ហោះនូវឯកសារមួយស្តីពីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម នៅលើទំព័រ Facebook របស់ លោក សម រង្ស៉ី ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថាជាឯកសារក្លែងក្លាយ។
តុលាការបានចាត់ទុកថា ការបន្តបង្ហោះឯកសារក្លែងក្លាយបែបនោះថា គឺការប្រព្រឹត្តបទល្មើសជាក់ស្តែង។
នាពេលប្រកាសសាលក្រមលោក ហុង សុខហួរ មិនមានវត្តមានឈរនៅមុខរង្វង់ក្រចកចេះទេ សូម្បីមេធាវីការពារក្តីឲ្យលោក ហុង សុខហួរ ក៏មិនបានចូលដែរ ពោលគឺមានតែចូលរួមស្តាប់ការប្រកាសសាលក្រមនោះ តែទោះជាយ៉ាងណាប្រធានក្រុមប្រឹកក្សាបានចាត់ទុកជាចំពោះមុខជនជាប់ចោទ។ នៅមុខសាលាដំបូង រាជធានីភ្នំពេញ ក៏មិនបានឃើញក្រុមអ្នកគាំទ្រ មករង់ចាំស្តាប់លទ្ធផល នៃការប្រកាសសាលក្រមនោះដែរ ។
កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងលោកហុង សុខហួរ ជាសមាជិកព្រឹទ្ធសភាគណបក្សសម រង្សី មកបន្តសវនាការជំនុំជម្រះលើអង្គសេចក្តី ពាក់ព័ន្ធនិងបទចោទចំនួនបីគឺបទ ក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់ឱ្យប្រព្រឹត្តឧក្រិដ្ឋ។ សវនាការនេះដឹងនាំដោយ លោក រស់ ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងមានលោកសៀង សុខ ជាតំណាងអយ្យការ។
នាពេលសវនាការ មេធាវីលោក ហុង សុខហួរ បានស្នើឲ្យតុលាការមានអ្នកជំនាញខាងផ្នែកសន្ធិសញ្ញាចូលរួមសវនាការ និងស្នើឲ្យតុលាការភ្ជាប់អ៊ីនធឺណិត ក្នុងពេលដំណើរការសវនាការ។ ក្រោយពីបានថយទៅពិចារណា លោកចៅក្រម រស់ ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចបដិសេធត្រង់ចំណុចទាំងពីរ ដែលមេធាវី លោក ហុង សុខហួរ បានស្នើសុំ ដោយលោកចៅក្រមយល់ថា ពុំមានភាពចំបាច់ក្នុងការហៅអ្នកជំនាញខាងផ្នែកសន្ធិសញ្ញាមកពិនិត្យនោះទេ ពីព្រោះត្រង់ប្រការ៤ នៃសន្ធិសញ្ញាដែលលោក ហុង សុខហួរ បានបង្ហោះនោះគឺមានភាពខុសគ្នា ទៅនឹងខ្លឹមសារនៃសន្ធិសញ្ញាច្បាប់ដើម។
ចំណែកឯការស្នើសុំឲ្យតុលាការភ្ជាប់អ៊ីនធឺណិតនៅពេលសវនាការ លោកចៅក្រមយល់ឃើញថា ពុំមានភាពចំបាច់ឡើយ ខណៈសំណុំរឿងនេះធ្លាប់មានសាលក្រមរបៀតដែលពេលនោះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានបង្គាប់ឲ្យមេធាវី លោកហុង សុខហួរ ដាក់ឯកសារពាក់ព័ន្ធនិងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ដែលមេធាវីចង់ដាក់ជូនតុលាការនោះ ត្រូវមានកាលបរិច្ឆេទត្រឹមត្រូវ បញ្ជក់ពីលេខម៉ាស៊ីន និងដាក់សម្ភារដែលជាមធ្យោបាយ ក្នុងការស្រាវជ្រាវដល់តុលាការផងដែរ ដូច្នេះការស្នើឲ្យភ្ជាប់អ៊ីនធឺណិត នៅពេលសវនាការនោះ ពុំចាំបាច់ឡើយ។ ក្រោយបញ្ចប់កិច្ចពិភាក្សាដេញដោល លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចតំកល់ចោទប្រកាន់ ៣.បទល្មើសគឺ ក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់ឱ្យប្រព្រឹត្តឧក្រិដ្ឋ យោងតាមមាត្រា៦២៩, ៦៣០ និង មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ទុកជាបានការដដែល និងស្នើសុំឲ្យតុលាការសម្រេចផ្តន្ទាទោសលោក ហុង សុខហួរ ទៅតាមច្បាប់៕