(សៀមរាប)៖ តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងបន្តការងារជួសជុលនៅតាមផ្នែកខ្លះនៃប្រាសាទភ្នំបាខែង ជាពិសេស នៅផ្នែកខាងត្បូងឆៀងខាងលិច និងបន្តមកជួសជុលនៅផ្នែកខាងលិចជាបន្តទៀត។

លោក ជីវ ភិរម្យ វិស្វករគម្រោង ទទួលបន្ទុកការងារគ្រប់គ្រងបច្ចេកទេសជួសជុល និងអភិរក្សនៅប្រាសាទភ្នំបាខែង បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៩មក កិច្ចការងារជួសជុលអភិរក្សនៅលើប្រាសាទភ្នំបាខែងបានដំណើរការជាបន្តបន្ទាប់។

ក្នុងនោះអំឡុងឆ្នាំ២០១៩មក ក្រុមការងារបានអនុវត្តគម្រោងជួសជុលនៅផ្នែកខាងត្បួងឆៀងខាងលិចនៃប្រាសាទនេះ មកដល់បច្ចុប្បន្នបានជួសជុលរួចរាល់ បានចំនួន២ជាន់ហើយ(ជាន់ទី៣ និងជាន់៤) និងនៅសល់ពីរជាន់ទៀត(ជាន់៥និងជាន់៦)កំពុងរៀបចំកម្រាល និងជញ្ជាំងផ្នែកខាងត្បួង។ កិច្ចការទាំងនេះសម្រេចលទ្ធផលបានប្រមាណ៨៥ភាគរយហើយ ដោយគម្រោងនេះ គ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២៥ខាងមុខ។

ក្រៅពីដំណើរការនៅផ្នែកខាងត្បូងឆៀងខាងលិចហើយនោះ ក្រុមការងារក៏កំពុងបន្តជួសជុលមួយផ្នែកទៀត គឺផ្នែកខាងលិច ដោយចាប់អនុវត្តនៅជាន់ទី៦ ទី៥ ទី៤ និងជាន់ទី៣។ ជាលទ្ធផល បានបញ្ចប់ការជួសជុលជញ្ជាំងនៅជាន់ទី៥ និងទី៤ ដោយបច្ចុប្បន្នកំពុងរៀបចំជញ្ជាំងនៅជាន់ទី៦ និងជាន់ទី៣។

សូមជម្រាបថា ប្រាសាទភ្នំបាខែង ត្រូវបានកសាងនាដើមសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១។ ប្រាសាទភ្នំបាខែងនេះ គឺជាទីប្រជុំនូវភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់រយនាក់ក្នុងមួយថៃ្ងៗ ដើម្បីមើលថៃ្ងលិច និងមើលទេសភាពនៅតំបន់អង្គរស្ទើរតែទាំងមូល៕