(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវប្រជាពលរដ្ឋយកចិត្តទុកដាក់បង្ការគ្រោះអគ្គិភ័យ ដែលអាចកើតឡើងជាយថាហេតុ និងជម្រុញឱ្យមានការពង្រឹងសមត្ថភាពរបស់សមត្ថកិច្ចដើម្បីមានសមត្ថភាពជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះថ្នាក់អគ្គិភ័យ បានកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព។ នេះបើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃបង្កើតនគរបាលជាតិកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។

ជាមួយគ្នាសម្ដេចបានបញ្ចាក់ថា មន្រ្តីនគរបាលមានសមត្ថកិច្ច ត្រូវគិតគូរចំពោះបរិបទថ្មី ដើម្បីធានាថាសណ្តាប់ធ្នាប់តាមទីសាធារណៈ, សណ្ដាប់ធ្នាប់ចរាចរណ៍ មានរៀបរយល្អ ឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការអភិវឌ្ឍជាតិ, កំណើនសេដ្ឋកិច្ច, អគារខ្ពស់ៗ និង បុរី ដែលមានមនុស្សរស់នៅច្រើនកុះករ និងកំណើនយានយន្តគ្រប់ប្រភេទ។ ដោយសម្ដេចបាន សូមឱ្យមានការយកចិត្តទុកដាក់ដល់ការងារបង្ការនិងពន្លត់អគ្គិភ័យ និងការត្រៀមកម្លាំង ឧបករណ៍ មធ្យោបាយ ក្នុងការចូលរួមសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗផងដែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ព្រោះពេលវេលាគឺសំខាន់ខ្លាំងណាស់ ខុសគ្នាតែ១០នាទីអាចបំផ្លាញ ផ្ទះមួយឬមួយរាលទៅដល់ផ្ទះមួយទៀត ឬការពន្លត់បានសង្រ្គោះជីវិតរបស់ប្រជាពលរដ្ឋរបស់យើង។ ហើយសូមអំពាវនាវទៅដល់ប្រជាពលរដ្ឋរបស់យើង ក៏សូមយកចិត្តទុកដាល់នៅក្នុងការទុកដាក់ ប្រើប្រាស់គ្រឿងអគ្គិសនីឱ្យបានប្រុងប្រយ័ត្ន កុំឱ្យមានការសោកស្ដាយផ្សេងៗកើតឡើង។ […] ប្រុងប្រយ័ត្នទាំងអស់គ្នា បង្ការប្រសើរជាសង្រ្គោះ ឬព្យាបាល ការការពារ ការរៀបចំ ទុកដាក់ ការប្រើប្រាស់គ្រឿងអេឡិកត្រូនិក គ្រឿងអគ្គិសនី គ្រឿងភ្លើង ប្រេងឥន្ធនៈ។ ជាពិសេសពេលដែលធ្វើដំណើរក្រៅផ្ទះ ឥលូវប្រជាពលរដ្ឋយើងជាពិសេសសអ្នកភ្នំពេញ មានលទ្ធភាពច្រើនចុងសប្ដាហ៍ចេញ គាត់ចោលផ្ទះអាចមួយថ្ងៃ ឬទៅសម្រាកមួយយប់ មិនថាទៅខេត្តព្រះសីហនុ មិនថាទៅខេត្តកំពត មិនថាទៅសៀមរាប ចុងសប្ដាហ៍មុនលឺថាផ្អើលទៅកកនៅកោះកុងក្រោយពីផ្លូវ៤៨ បានធ្វើហើយ។ អញ្ចឹងដំណើរកាន់តែឆ្ងាយ ទុកផ្ទះចោលកាន់តែយូរ អញ្ចឹងគឺការការពារនេះ គឺសំខាន់។ ការរៀបចំប្រព័ន្ធ ឬសំណង់ថ្មីៗ ការរៀបចំផ្លូវសង្រ្គោះ ជាពិសេសសំណង់ខ្ពស់ៗ គឺត្រូវធ្វើតាមស្តង់ដារ […]។

ជុំវិញការបង្ការ និងការរៀបចំទៅតាមស្តង់ដារនេះ ត្រូវបានសម្ដេចមហាបវរធិបតី បន្ថែមថា៖ «ព្រោះបើរៀបចំត្រូវ ប្រសិនជាវាឆេះ ក៏វាមិនរាលលឿន វាឆេះក៏វាទុកឱកាស ទុកពេលវេលា ទុកលម្ហ ពេលឡានទឹកទៅសង្គ្រោះក៏ជួយចូលទៅដល់គោលដៅ ជួយទៅរកទឹកផ្សេងៗ។ តែបើយើងរៀបការសាងសង់ផ្សេងៗ Block (បិទ) អស់ហើយ យើងពិបាកចូលទៅជួយ។ អញ្ចឹងការរៀបចំទាំងអស់នេះគឺត្រូវគិតគូទាំងអស់ ទាំងការឆ្លើយតប ទាំងការត្រៀមលក្ខណៈ ហើយជាពិសេសគឺសមត្ថភាពរបស់កងកម្លាំងសង្គ្រោះយើងតែម្ដង គឺធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព សមត្ថភាព ល្បឿននៅក្នុងការឆ្លើយតប បូកជាមួយនឹងការថែរក្សា នូវជំនាញរបស់កម្លាំងដែលត្រូវសង្រ្គោះ និងសុវត្ថិភាពរបស់បងប្អូន»

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្រ្តី ក៏បានជម្រុញឱ្យបន្តយកចិត្តទុកដាក់អនុវត្តការកែទម្រង់នគរបាលជាតិឱ្យបានស៊ីជម្រៅថែមទៀត ដោយផ្តោតលើការបណ្តុះបណ្តាលបង្កើនសមត្ថភាព, ច្បាប់, ជំនាញ, ភាសា និង បច្ចេកវិទ្យា ព័ត៌មាន ដើម្បីមានសមត្ថភាពក្នុងការបំពេញមុខងារក្នុងយុគសម័យឌីជីថល ប្រកបដោយវិជ្ជាជីវៈ, សីលធម៌, គុណធម៌ និង ទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ៕