(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata បានត្រូវបានជ្រើសរើស ដោយស្ថាប័នស្រាវជ្រាវទីផ្សារ Frost & Sullivan សម្រាប់ពានរង្វាន់ «ក្រុមហ៊ុនទូរគមនាគមន៍ចល័តល្អបំផុតនៅកម្ពុជា ឆ្នាំ២០១៦» ដោយមើលឃើញការប្តេជ្ញាចិត្ត និងកិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការលើកស្ទួយវិស័យទូរគមនាគមន៍ចល័ត វត្តមានបណ្តាញសេវាគ្របដណ្តប់ខ្ពស់ និងសំបូរទៅដោយការច្នៃប្រឌិតសេវាឌីជីថលថ្មីៗ ។
ពានរង្វាន់ចុងក្រោយនេះ ជាសមិទ្ធផលមួយក្នុងចំណោមពានរង្វាន់យ៉ាងច្រើន ដែលក្រុមហ៊ុន Smart Axiata បានឈ្នះក្នុងរយៈកាលពីរឆ្នាំចុងក្រោយនេះ ដោយមជ្ឈដ្ឋានកាន់តែច្រើន ទទួលស្គាល់នូវគុណភាពសេវាទូរស័ព្ទ ទំនុកចិត្ត និងការចូលរួមចំណែករបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍសង្គមកម្ពុជា ។
ស្ថាប័នស្រាវជ្រាវ Frost & Sullivan បានផ្តល់កិត្តិយសដ៏ពិសេសនេះ ដល់ក្រុមហ៊ុន Smart Axiata ព្រោះក្រុមហ៊ុន បានអនុវត្តយ៉ាងជោគជ័យនូវយុទ្ធសាស្រ្តអាជីវកម្មរបស់ខ្លួន និងសម្រេចបានសមិទ្ធផលការងារយ៉ាងត្រចះត្រចង់ ។ សម្រាប់ឆ្នាំ២០១៥ ក្រុមហ៊ុន Smart Axiata បន្តរីកចម្រើនខ្លាំងនៅក្នុងទីផ្សារមួយ ដែលមានការប្រកួតប្រជែងខ្ពស់ ឧទាហរណ៍ ក្រុមហ៊ុនសម្រេចបានកំណើនប្រាក់ចំណូល ៣០% ធៀបនឹងឆ្នាំមុន ដោយក្រុមហ៊ុនបានអនុវត្តសកម្មភាពជំរុញទីផ្សារយ៉ាងសកម្មរបស់ខ្លួន និងបានបន្តផ្តល់សេវាទូរគមនាគមន៍ចល័តប្រកបដោយគុណភាព បូកផ្សំនឹងការបង្កើតថ្មីនៃសេវាឌីជីថល ដូចជា SmartLuy, Smart Music, Smart Loan, iCal uPay, Smart Tunes និង Smart Box ជាដើម ។
លោក Avinash Sachdeva អ្នកវិភាគជាន់ខ្ពស់ សម្រាប់ការអនុវត្តក្នុងវិស័យទូរគមនាគមន៍ឌីជីថល នៃស្ថាប័ន Frost & Sullivan ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិយាយថា «ក្រុមហ៊ុន Smart Axiata បានចាប់យកឱកាសនៃសេវាកម្មឌីជីថលយ៉ាងឆាប់រហ័ស ដើម្បីកែលម្អអាជីវកម្មទូរគមនាគមន៍ចល័តរបស់ខ្លួន ។ ដោយមានបណ្តាញសេវាកម្មគ្របដណ្តប់ខ្ពស់ ភាពជាដៃគូផ្តាច់មុខ និងការបង្កើតសេវាកម្មឌីជីថលថ្មីៗ ក្រុមហ៊ុនបានបំលែងខ្លួនឲ្យក្លាយទៅជាម៉ាកយីហោនៃជីវិតរស់នៅទំនើបយ៉ាងជោគជ័យក្នុងប្រទេសកម្ពុជា។ កាន់តែច្រើន និងការបង្កើនឡើងនូវសេវាឌីជីថលក្រុមហ៊ុនសម្រេចបានកំណើនទ្វេដងជាមួយនឹងទិន្នន័យអ៊ិនធឺណិត និងសេវាបន្ថែមរបស់ខ្លួន ដែលបានជួយបង្កើនប្រាក់ចំណូលសរុបយ៉ាងច្រើន ។ តាមរយៈការបន្តវិនិយោគលើគុណភាពបណ្តាញទូរស័ព្ទចល័ត និងការបង្កើតថ្មីនូវសេវាកម្មឌីជីថលល្អៗ ក្រុមហ៊ុន Smart Axiata បានសម្រេចនូវសមិទ្ធផលការងារខ្ពស់ក្នុងទីផ្សារមួយដែលពោរពេញដោយការប្រកួតប្រជែង»។
លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានថ្លែងស្វាគមន៍ចំពោះការផ្តល់ពានរង្វាន់នេះ និងបានលើកឡើងថា ក្រុមហ៊ុនតែងបាននឹងកំពុងធ្វើការឥតឈប់ឈរ ដើម្បីផ្តល់ជូនអតិថិជននៅក្នុងប្រទេសកម្ពុជាទាំង៨លាននាក់របស់ខ្លួន នូវសេវា និងប្រព័ន្ធទូរគមនាគមន៍ចល័តដែលល្អបំផុត និងមានតំលៃសមរម្យបំផុត ។
លោកបន្ដថា «នៅឯក្រុមហ៊ុន Smart Axiata បុគ្គលិករបស់យើងទាំងអស់តែងតែខិតខំប្រឹងប្រែងបំពេញការងារ ឲ្យបានល្អបន្ថែមទៀត ដើម្បីផ្គាប់ចិត្ត អតិថិជនកម្ពុជាទាំងអស់ និងបម្រើពួកគាត់ឲ្យបានគ្រប់ៗគ្នា ហើយពានរង្វាន់ចុងក្រោយមួយនេះពីស្ថាប័ន Frost & Sullivan ជាកាដូមួយទៀត ដើម្បីលើកទឹកចិត្តបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន Smart Axiata ក៏ដូចជាការថ្លែងអំណរគុណដល់អតិថិជន ដៃគូ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រយើងយ៉ាងសស្រាក់សស្រាំផងដែរ»។
លោក ថូម៉ាស ហ៊ុន បានបន្ថែមទៀតថា «ក្រុមហ៊ុន Smart Axiata បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទូរគមនាគមន៍ និងវិស័យព័ត៌មានវិទ្យានៅកម្ពុជា ។ ក្នុងឆ្នាំ២០១៥ យើងបានបង្កើតចំណូលឲ្យប្រទេសជាតិ ក្នុងចំនួនទឹកប្រាក់ជាង២៧៥លានដុល្លារអាមេរិក ឬស្មើនឹង ១,៥% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា ក៏ដូចជាបានបង្កើតការងារសម្រាប់មនុស្សជាង ៤ម៉ឺននាក់ដោយផ្ទាល់ និងដោយប្រយោល ។ គោលដៅរបស់យើងគឺ ការលើកស្ទួយសង្គមកម្ពុជា ឲ្យក្លាយទៅជាសង្គមប្រកបដោយចំនេះដឹង សង្គមឌីជីថល និងសង្គមដែលពោរពេញដោយការចែករំលែកព័ត៌មាន ហើយបណ្តាញទូរគមនាគមន៍ចល័តរបស់ Smart Axiata នឹងជាឆ្អឹងខ្នងនៃសកម្មភាពទាំងនោះ តាមរយៈការផ្តល់ផលិតផល និងសេវាដែលល្អបំផុត លឿនបំផុត និងមានតម្លៃសមរម្យបំផុត សម្រាប់មនុស្សគ្រប់គ្នា»។
ក្នុងឆ្នាំនេះផងដែរ ក្រុមហ៊ុន Smart Axiata បានទទួលពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងពត៍មានកម្ពុជាឆ្នាំ 2016 ផ្នែក «វិស័យឯកជន»ក្នុងព្រឹត្តិការណ៍ ICT កម្ពុជា និងឈ្នះពានរង្វាន់ “គម្រោងសហគមន៍ល្អជាងគេ” ពីស្ថាប័ន Telecom Asia សម្រាប់ការចូលរួមរបស់ក្រុមហ៊ុននៅក្នុងយុទ្ធនាការលើកកម្ពស់អក្ខរកម្មជាតិ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ និងអង្គការយូណេស្កូផងដែរ៕