(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សន្តិសុខសាធារណៈឡាវ និងសហការី ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្តើម អភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវការស្វាគមន៍ ចំពោះនាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង ព្រមសហការី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកជួបសម្ដែងការគួរសមនាពេលនេះ។
អភិសន្តិបណ្ឌិត ស សុខា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលដ៏មមាញឹករបស់ខ្លួន តបតាមការអញ្ជើញរបស់ក្រសួងមហាផ្ទៃកម្ពុជា មកចូលរួមកម្មវិធីខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលនឹងរៀបចំឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។

នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ក៏បានសម្តែងនូវការអបអរសាទរ ចំពោះការប្រារព្ធខួបលើកទី៨០ នៃការបង្កើតកងកម្លាំងនគរបាលជាតិ និងជឿជាក់ថា ក្រោមការដឹកនាំរបស់អភិសន្តិបណ្ឌិត, នគរបាលទាំងអស់ នឹងបន្តប្តេជ្ញាចិត្តរួមគ្នា សាមគ្គីទប់ស្កាត់អំពើជួញដូរមនុស្ស និងការជួញដូរ គ្រឿងញៀននៅតាមខ្សែរបន្ទាត់ព្រំដែន ដើម្បីថែរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជន នៃប្រទេសទាំងពីរ។

ភាគីទាំងពីរ សង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើនថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។