(ព្រះវិហារ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាសហគមន៍ និងពិនិត្យស្ថានភាពជាក់ស្តែងនៅសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។
ការចុះពិនិត្យនេះ ក្នុងគោលបំណងជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ដោយពិនិត្យមើលទៅលើការរៀបចំផលិតផល និងសកម្មភាពទេសចរណ៍ក្នុងសហគមន៍ ការគ្រប់គ្រង និងពង្រឹងគុណភាព សេវាកម្មសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងយន្តការវាយតម្លៃស្តង់ដាសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ជាពិសេសការបង្កើននូវសោភ័ណភាព ទេសភាពបៃតង និងបរិស្ថាននៅក្នុងបរិវេណ ទំនប់អូរស្វាយនេះបន្ថែមទៀត។
សូមជម្រាបជូនថា សហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ ជាគោលដៅទេសចរណ៍សំខាន់មួយសម្រាប់ទាក់ទាញភ្ញៀវទេសចរមកសម្រាកលម្ហែកាយជាមួយទេសភាពធម្មជាតិ បន្ទាប់ពីការទស្សនាប្រាសាទព្រះវិហារ ដែលមានទីតាំងស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕