(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីមានការសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង តាមរយៈកិច្ចសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដើម្បីឱ្យពន្លឿនការសាងសង់ផ្លូវពីខ្លុងពពក-ទឹកធ្លាក់ថ្មក្រាល ងាយសម្រួលដល់ការធ្វើដំណើរនោះ, ក្រសួងអភិវឌ្ឍន៍ជនបទ ដែលទទួលខុសត្រូវក្នុងការសាងសង់ផ្លូវនេះបានបញ្ជាក់ថា ក្រសួងបានបញ្ចប់នីតិវិធីលទ្ធកម្មរួចរាល់ហើយ សម្រាប់ការសាងសង់ផ្លូវនេះ នឹងចាប់ផ្តើមនៅចុងខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះហើយ។
លោក ពិត ករុណា អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «សម្រាប់ខ្សែផ្លូវពីខ្លុងពពក-ទឹកធ្លាក់ថ្មក្រាល ស្រុកទឹកផុសនេះ ស្ថិតនៅក្នុងក្របខណ្ឌគម្រោង CSLEP មានប្រវែង២២.៧១គីឡូម៉ែត្រ តម្លៃប្រមាណ ៣.៣៥ លានដុល្លារ បានបញ្ចប់ការដេញថ្លៃ និងផ្តល់កិច្ចសន្យាជូនក្រុមហ៊ុន Shanghai Construction Group។ ការដ្ឋានសាងសង់នឹងចាប់ផ្តើមនៅចុងខែមិថុនា ឆ្នាំ២០២៥ខាងមុខ»។
បើតាមលោក ពិត ករុណា, លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នឹងអញ្ជើញដោយផ្ទាល់ ក្នុងការបើកការដ្ឋានស្ថាបនា ខ្សែផ្លូវពីខ្លុងពពក-ទឹកធ្លាក់ថ្មក្រាល ស្រុកទឹកផុស នាចុងខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕