(បាត់ដំបង)៖ កម្លាំងនគរបាលនាយកដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ នៅព្រឹកថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការចុះត្រួតពិនិត្រមើលការរស់នៅ និងចូលមកធ្វើការដោយខុសច្បាប់ពីសំណាក់ជនជាតិវៀតណាម និងងជនបរទេសផ្សេងទៀត ស្ថិតនៅចំណុចតាមបណ្តាសិប្បកម្មកៃច្នៃឈើតូចធំជាច្រើនកន្លែង ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់នៅរសៀលថ្ងៃនេះថា ជាលទ្ធផលកម្លាំងនគរបាល បានឃាត់ខ្លួនជនជាតិវៀតណាម ២៩នាក់ មានស្រី៥នាក់ ដោយសារពួកគេរស់នៅ និងធ្វើការខុសច្បាប់។
លោកឧត្តមសេនីយ៍ឯកឃុន សំបូរ ឲ្យដឹងថា ចំពោះពលករណាដែលសមត្ថកិច្ចយើងរកឃើញថា គ្មានលិខិតឯកសារអនុញ្ញាតឲ្យចូលមករស់នៅ និងធ្វើការដោយស្របច្បាប់នោះ ពួកគេនឹងត្រូវឃាត់ខ្លួនភ្លាមៗ បញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រង់ចាំកសាងសំណុំបែបបទ ស្នើទៅកាន់ក្រសួងមហាផ្ទៃ សុំធ្វើការបញ្ជូនចេញពីកម្ពុជា ទៅកាន់ប្រទេសដើមខ្លួនវិញនៅពេលក្រោយ ។
ជាមួយគ្នានេះកម្លាំងនគរបាល បាននិងបន្តស្វែងរកការត្រួតពិនិត្យ នៅកន្លែងធ្វើការ និងរស់នៅរបស់ជនជាតិវៀតណាមទាំងនេះ ទៀត នាក្រុងបាត់ដំបង។