(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបន្ដជំរុញដល់ថ្នាក់ដឹកនាំទាំងអស់ ត្រូវឱ្យប្រកាន់យកគោលការណ៍ «សូមកុំបើកឱកាសឱ្យមានលទ្ធភាពមិនល្អ ដែលនាំឱ្យមានអាទិភាពមិនល្អកើតឡើង» ដែលគោលការណ៍នេះជំរុញឱ្យថ្នាក់ដឹកនាំទាំងអស់ ប្រើប្រាស់ភាពបុរេសកម្មក្នុងការបង្ការភាពអសកម្មលើការងារដឹកនាំ គ្រប់គ្រងវិស័យសុខាភិបាលបន្តឈរលើទិសដៅប្រសិទ្ធិភាព និងចីរភាព។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ត្រីក្នុងឱកាស ធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និង នវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣,៣៩០នាក់ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំរំលឹកដល់ថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិកនៃវិស័យសុខាភិបាលឱ្យយកចិត្តទុកដាក់លើការងារសំខាន់ៗដូចជា ការគ្រប់គ្រងសេវារថយន្តគិលានសង្គ្រោះ និងផ្តល់សេវាដោយគណនេយ្យភាព និងក្រមសីលធម៌វិជ្ជាជីវៈនៅតាមគ្រឹះស្ថានសាធារណៈ និងជាពិសេសឯកជន ដោយលោកសាស្រ្តាចារ្យបានលើកករណីជាឧទារណ៍ជាក់ស្តែងផ្សេងៗ ដើម្បីជាការចំណាំ និងរៀនសូត្រចៀសវាង ដោយខិតខំបង្ហាញផ្លូវដល់មន្ត្រីបន្តបន្ទាប់។
ក្នុងឱកាសធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និង នវានុវត្តន៍ ជូនមន្ដ្រីក្រោមឱវាទ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកយកប្រធានបទ «សារជាតិ និង បាតុភូត» និងប្រធានបទ «ហេតុ និង ផល» ដែលប្រធានបទទាំង២នេះ ជាផ្នែកមួយនៃសម្ភារៈនិយមវិចារវិទ្យាបែបទស្សនៈវិទ្យាផង បែបវិទ្យាសាស្ត្រផង សម្រាប់ជួយឱ្យយើងជាអ្នកដឹកនាំបានសិក្សាស្វែងយល់ស៊ីជម្រៅថែមទៀត ពីអង្គវត្ថុ ឬមនុស្ស៕