(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសាររំលែកមរណទុក្ខ ជូនក្រុមគ្រួសារសពកញ្ញា ដួង ម៉ាហ្កាលី និងលោក ផាត មុន្នី យោធិនកម្ពុជាដែលបានពលី ក្នុងឧបទ្ទវហេតុផ្ទុះអាវុធក្នុងទីក្រុង Malakal ប្រទេសស៊ូដង់ខាងត្បូង។

លិខិរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា «ខ្ញុំ និងភរិយាមានសេចក្តីតក់ស្លុត និងរំជួលចិត្តឥតឧបមា ក្រោយពីបានទទួលដំណឹងដ៏រន្ធត់ ចំពោះការទទួលមរណភាពរបស់យោធិនកម្ពុជាចំនួន ០២រូប គឺ កញ្ញា ដួង ម៉ាហ្កាលី និងលោក ផាត មុន្នី នៃកង អនុសេនាធំរាជអាវុធហត្ថលេខ៨៧២ ប្រចាំនៅប្រទេសស៊ូដង់ខាងត្បូង ក្នុងឧបទ្ទវហេតុផ្ទុះអាវុធក្នុងទីក្រុង Malakal ដែលជាកន្លែងឈរជើងរបស់កងរាជអាវុធហត្ថកម្ពុជា នៅវេលាម៉ោង ១៥:៥០នាទី ថ្ងៃអង្គារ ទី១៣ ខែ ឧសភា ឆ្នាំ២០២៥ ម៉ោងនៅប្រទេសស៊ូដង់ខាងត្បូង (ត្រូវនឹងម៉ោង ២០:៥០នាទី ម៉ោងនៅកម្ពុជា)។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខ និងការស្តាយ ស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់នូវសមាជិកគ្រួសារ ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌។ នេះក៏ជាការបាត់បង់នូវយោធិនដ៏ឆ្នើម ដែលបានចូលរួមធ្វើ ពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការដ៏មោះមុតក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីជារៀងរហូតមក ជាពិសេសបានស្ម័គ្រចិត្តយ៉ាងអង់អាចក្លាហាន ចូលរួមថែរក្សា សន្តិភាព ក្រោមឆត្រអង្គការសហប្រជាតិរហូតដល់ពលីជីវិត។

ខ្ញុំ និងភរិយាសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ កញ្ញា ដួង ម៉ាហ្គាលី និងលោក ផាត មុន្នី ឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»