(បាងកក)៖ ព្រឹកថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ចូលរួមកិច្ចប្រជុំទ្វេភាគីស្តីពី «ការគ្រប់គ្រងធនធានទឹក រវាងប្រទេសថៃ និងប្រទេសកម្ពុជា» នៅក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃ ក្នុងទីក្រុងបាងកក ជាមួយឯកឧត្តម Prasert Jantararuangtong ឧបនាយករដ្ឋមន្ត្រីនៃប្រទេសថៃ។
កិច្ចប្រជុំទ្វេភាគី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹកឆ្លងដែនរវាងប្រទេសទាំងពីរ តាមរយៈការពង្រឹងចំណេះដឹងស្ថាប័ន សមត្ថភាពបច្ចេកទេស គំនិតផ្តួចផ្តើមរួមគ្នា ការផ្ទេរចំណេះដឹង ការកែលម្អគោលនយោបាយ និងយន្តការសម្របសម្រួលក្នុងតំបន់ ដើម្បីឈានឆ្ពោះទៅធានាបាននូវអភិបាលកិច្ចធនធានទឹកប្រកបដោយនិរន្តរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងការបែងចែកទឹកប្រកបដោយសមធម៌។
កិច្ចប្រជុំទ្វេភាគីស្តីពី «ការគ្រប់គ្រងធនធានទឹក រវាងប្រទេសថៃ និងប្រទេសកម្ពុជា» នេះ បានផ្តោតការពិភាក្សាលើចំណុចសំខាន់ៗ ដូចជា៖ ទី១. ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងការរៀបចំផែនការមេគ្រប់គ្រងធនធានទឹកក្នុងប្រទេសកម្ពុជា, ទី២. ការគ្រប់គ្រងធនធានទឹកចម្រុះ, ទី៣. គោលនយោបាយទឹក និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធវិស័យទឹក, ទី៤. ការគ្រប់គ្រងធនធានទឹកឆ្លងដែន(អាង 9C-9T), ទី៥. ការគ្រប់គ្រងទិន្នន័យទំនប់ និងការសម្របសម្រួលពហុវិស័យ និងទី៦. ការផ្លាស់ប្តូរបច្ចេកទេស និងការកសាងសមត្ថភាព។ ជាលទ្ធផលនៃកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពគ្នាឱ្យមានការរៀបចំជាអនុស្សរណៈនៃការយោគយល់គ្នាលើការងារគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៨ ប្រទេសកម្ពុជា និងថៃ បានធ្វើការរួមគ្នាដើម្បីអនុវត្តគម្រោងរួម 9C-9T ស្តីពីកិច្ចសហប្រតិបត្តិការឆ្លងដែនសម្រាប់ការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួតនៅក្នុងអនុអាង 9C-9T។ គម្រោងរួម 9C-9T បានទទួលមូលនិធិពីក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) និងអនុវត្តតាមរយៈ GIZ ដោយសហការជាមួយគណៈកម្មការទន្លេមេគង្គ (MRC)។ គម្រោងរួមនេះដឹកនាំដោយគណៈកម្មាធិការដឹកនាំតំបន់ និងអនុវត្តដោយក្រុមការងារជាតិអន្តរវិស័យដែលបានបង្កើតឡើងនៅក្នុងប្រទេសទាំងពីរ ដែលដឹកនាំដោយក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា (MOWRAM) និងការិយាល័យធនធានទឹកជាតិថៃ (ONWR)៕