(ភ្នំពេញ)៖ លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា សម្រាប់បងប្អូនភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំណងចង់ធ្វើដំណើរកម្សាន្ត នៅក្នុងរដូវកាលបៃតងនេះ គឺជាបទពិសោធន៍មួយថ្មី ដែលអាចទទួលបានការកម្សាន្ដជាមួយធម្មជាតិដ៏ស្រស់ត្រកាលបៃតង។

ការលើកឡើងបែបនេះរបស់ លោក នី ផល្លី បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ នាឱកាសធ្វើជាតំណាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធី សម្ភោធដំណើរកម្សាន្តក្នុងស្រុក តាមតំបន់សមុទ្រ រដូវកាលបៃតង របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ដោយមានការចូលរួមពី លោក បណ្ឌិត ធួន ស៊ីណាន ប្រធានសមគម និងក្រុមហ៊ុនជាសមាជិក។

លោក នី ផល្លី បានលើកឡើងយ៉ាងដូច្នេះថា៖ «សម្រាប់បងប្អូនភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំណងចង់ធ្វើដំណើរកម្សាន្តនៅក្នុងរដូវកាលបៃតងនេះ គឺជាបទពិសោធន៍មួយថ្មី បទពិសោធន៍មួយពិសេស ដែលអាចទទួលបានការកម្សាន្ដជាមួយនឹងធម្មជាតិដ៏ស្រស់ត្រកាលបៃតង ជាមួយនឹងកញ្ចប់តម្លៃ ការចំណាយតិចជាងមុន ហើយទទួលបាននូវបទពិសោធន៍ល្អមិនចាញ់ នៅក្នុងរដូវក្តៅនោះទេ ហើយយើងអាចធ្វើដំណើរទៅផ្ទាល់ ឬតាមក្រុមហ៊ុនទេសចរណ៍ ដែលគាត់បានរៀបចំនោះផងដែរ»

លោកដ្ឋលេខាធិការបានជឿជាក់ថា យុទ្ធនាការរដូវការបៃតងជាចលនាមួយគាំទ្រ ជាពិសេសបំផុសចេញពីភ្ញៀវទេសចរក្នុងស្រុក ឱ្យមានការគាំទ្រជាច្រើនទៀត។ ហើយកោះរ៉ុង គឺជាគោលដៅទេសចរណ៍មួយ ដែលមានភាពទាក់ទាញ និងជាគោលដៅទេសចរណ៍ធម្មជាតិ ដែលចាត់ទុកថា ជាគោលដៅទេសចរណ៍ល្អឯក នៅក្នុងតំបន់អាស៊ីនេះ។

សូមបញ្ជាក់ដែរថា «រដូវកាលបៃតង» (Green Season) ជាយុទ្ធនាការ​ដែល​ក្រសួងទេសចរណ៍ ប្រើ​ដើម្បីដាក់ជំនួសឱ្យពាក្យ «រដូវកាលភ្ញៀវតិច» (Low Season) ហើយ​ក៏ទទួលបាន​ការគាំទ្រ​យ៉ាងពេញទំហឹង​ពី​សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ផងដែរ៕