(ក្រចេះ)៖ គណៈបញ្ជាការឯកភាពស្រុកសំបូរ សហការជាមួយមន្ត្រីជំនាញ នៃមន្ទីរ៉ែ និងថាមពលខេត្ត បានចុះអប់រំណែនាំប្រជាពលរដ្ឋ៣០គ្រួសារ ដែលកំពុងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ធ្វើកិច្ចសន្យាឲ្យពួកគាត់បញ្ឈប់ សកម្មភាព និងរុះរើសម្ភារចេញក្នុងរយៈពេល១ថ្ងៃ។
ការចុះអប់រំណែនាំប្រជាពលរដ្ឋខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រឃុំសំបូរ និងឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ។
លោក គង់ មេត្តា អភិបាលស្រុកសំបូរ បានបញ្ជាក់ថា កម្លាំងរបស់គណៈបញ្ជាការឯកភាពស្រុក សហការជាមួយមន្ទីររ៉ែ បានចុះត្រួតពិនិត្យការធ្វើ អាជីវកម្មរ៉ែអនាធិបតេយ្យ៣០គ្រួសារ នៅចំណុច៣ទីតាំងផ្សេងគ្នា រួមមាន៖
*ទី១៖ នៅក្បាលកោះរាល ស្ថិតក្នុងភូមិកោះរាល ឃុំសំបូរ គឺមាន ៣គ្រួសារ ស្នើនឹង១២នាក់
*ទី២៖ ក្បាលកោះពោត ភូមិជើងពាត ឃុំកោះខ្ញែរ មាន ៥គ្រួសារ ស្មើនឹង១០នាក់
*ទី៣៖ នៅក្បាលកោះព្រែង ភូមិជើងពាត ឃុំកោះខ្ញែរ មាន ២២គ្រួសារ ស្មើនឹង៥០នាក់។
អភិបាលស្រុកបញ្ចាក់ថា តាមការពិនិត្យជាក់ស្ដែង គឺពួកគាត់ប្រើប្រាស់កម្លាំងមនុស្សលើកចាក់ចូលទរប៉ូមទឹក ដោយពុំមានការប្រើថ្នាំ ឬម៉ាស៊ីនប៉ូមខ្នាតធំនោះទេ។ ដូច្នេះក្រុមការងារ បានអប់រំណែនាំធ្វើកិច្ចសន្យាឲ្យពួក គាត់បញ្ឈប់សកម្មភាព និងរុះរើយកសម្ភារចេញក្នុងរយៈពេល១ថ្ងៃ៕