(ភ្នំពេញ)៖ កម្លាំងនគរបាល នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបន្ដបើកកិច្ចប្រជុំ ដើម្បីរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលចាប់ផ្តើមឡើង នៅអំឡុងពាក់កណ្តាលខែវិច្ឆិកានេះ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមន្ដ្រីនគរបាលជាន់ខ្ពស់ មួយចំនួនទៀតផងដែរ ដែលបានប្រព្រឹត្តទៅនៅ សាលប្រជុំនាយកដ្ឋានអង្គរក្ស។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខនេះ កងកម្លាំងប្រដាប់អាវុធចម្រុះ នឹងប្រើប្រាស់កម្លាំងប្រមាណ ជាង១ម៉ឺននាក់ នៅក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបុណ្យអុំ។
អនុគណៈម្មការ នៃគណបញ្ជាការកងឯកភាព បានត្រៀមប្រើប្រាស់រថយន្តសង្គ្រោះ ៣១គ្រឿង ជម្រកតង់ពិនិត្យសុខភាព ៩កន្លែង និងប្រើប្រាស់អូរប័រសង្គ្រោះលើផ្ទៃទឹក ៧០គ្រឿង នាវា ១១គ្រឿង ទូកយន្ត ១គ្រឿង ក្បាលសណ្តោង ១គ្រឿង ហើយក្រៅពីនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ និងសម្ភារនានាជាច្រើនទៀត សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនកីឡាករ កីឡាការិនីអុំទូក ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលចូលទស្សនាកម្សាន្តនៅក្នុង ឱកាសថ្ងៃបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា នៅក្នុងរាជធានីភ្នំពេញ៕