(ភ្នំពេញ)៖ ប្រតិបត្តិការឡោមព័ទ្ធ និងរុកព្រៃ តាំងពីរសៀលថ្ងៃទី០៦ ខែវិច្ឆិកា រហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៧ ខែវិច្ឆិកានេះ ដើម្បីរកក្រុមចោរដែលបានបាញ់ សម្លាប់សន្តិសុខម្នាក់ និងបានប្លន់យកទ្រព្យសម្បត្តិ ម្ចាស់បណ្ណាគារជនជាតិចិននោះ សមត្ថកិច្ចរកមិនឃើញក្រុមចោរទាំង២នាក់នោះទេ ពោលគឺបានកដចេញពីកន្លែងដែលសង្ស័យថា ក្រុមចោរទាំងនោះលាក់ខ្លួនអស់ហើយ។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ សមត្ថកិច្ចចម្រុះដឹកនាំដោយអធិការខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានដកចេញពីកន្លែង ដែលសង្ស័យថា ក្រុមចោរលាក់ខ្លួនហើយ បន្ទាប់ពីរុករកក្នុងព្រៃ និងបានធ្វើរដ្ឋបាលក្នុងបុរីផងដែរ។
នៅព្រឹកមិញនេះ មុនលុកលុយក្នុងព្រៃ សមត្ថកិច្ចបានប្រើ Dron ដើម្បីហោះពីលើមើលក្នុងព្រៃដែលសង្ស័យថា ក្រុមចោរលាក់ខ្លួន។
គួររំលឹកថា ក្រុមចោរពីរនាក់ស្លៀកពាក់ស៊ីវិល និងពាក់ម៉ាស់មុខ បានដើរចូលទៅក្នុងផ្ទះ បើកលក់សៀវភៅ ប៊ិច និងសម្ភារៈសិក្សា របស់ជនជាតិចិនឈ្មោះ លូ បាយហេង អាយុ៥៤ឆ្នាំ។ ពេលចូលទៅក្នុងផ្ទះ ក្រុមចោរបានទាញទ្វារបិទ ព្រមទាំងបានដកកាំភ្លើងភ្ជង់ម្ចាស់ផ្ទះ និងនិយាយភាសាចិនទារលុយ ព្រមទាំងទាញយកខ្សែករមួយខ្សែផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលក្រុមចោរកំពុង ធ្វើសកម្មភាពនោះ ភរិយារបស់ជនរងគ្រោះ ដែលនៅជាន់លើ ក៏ស្រែកជាភាសាចិនថា ចោរចូលប្លន់ ធ្វើឲ្យក្រុមចោរភ័យ ក៏បើកទ្វារផ្ទះរត់គេចខ្លួន ដោយរត់សំដៅទៅខាងរង្វង់មូលចោមចៅ។ ពេលទៅដល់រោងចក្រ PPM ក្រុមចោរបានរត់ចូលទៅក្នុងបុរី ដែលគេសាងសង់ឡើងក្នុងដីឡូតិ៍។
ភ្លាមៗនោះសន្តិសុខយាមនៅទីនោះ ដេញតាមសួរនាំ ក្នុងបំណងហាមឃាត់ក្រុមចោរ មិនចូលទៅក្នុងបុរីនោះ ស្រាប់តែជនល្មើសបានបាញ់មួយគ្រាប់ បណ្តាលឲ្យត្រូវជនរងគ្រោះឈ្មោះ យ៉េន រីណុង អាយុ ២៣ឆ្នាំ បណ្តាលឲ្យស្លាប់ ឯម្នាក់ទៀតជាសន្តិសុខយាមនៅភូមិគ្រឹះវូហោ ដែលដេញតាមដែរនោះ ត្រូវអំបែងកញ្ចក់ចំខ្លួនបណ្តាលឲ្យរងរបួសស្រាល។
បន្ទាប់ពីបាញ់បណ្តាលឲ្យសន្តិសុខស្លាប់ និងរបួសហើយ ក្រុមចោរ ក៏បានរត់គេចខ្លួនបាត់ទៅ។ តាមការសន្និដ្ឋានក្រុមចោរប្លន់ជា អ្នកបាញ់មានអាយុប្រហែល ៣៥ឆ្នាំ កម្ពស់ប្រហែល ១.៧២ម៉ែត្រ មានមាឌស្តើង។ ជនសង្ស័យម្នាក់ទៀត អាយុប្រហែល ៣៤ឆ្នាំ មានរាងស្តើងកម្ពស់ប្រហែល ១.៦៨ម៉ែត្រ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រុមចោរបានប្លន់យកលុយ ពីក្នុងបណ្ណាគាររបស់ជនជាតិចិនយកលុយ ៥០០ដុល្លារ និងខ្សែករមួយខ្សែទម្ងន់ប្រមាណ១តម្លឹង៕