(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានឧបត្ថម្ភថវិកាចំនួន ២០លានរៀល ដល់កីឡាករ-ការិនី ដែលចូលរួមបានក្នុងការប្រណាំងទូក.ង នៅខេត្តកំពង់ស្ពឺ ក្រោយបើកការប្រណាំងរយៈពេល ២ថ្ងៃកន្លងមកនេះ។
ថវិកានេះ ត្រូវបានប្រគល់ជូនដោយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងឱកាសបិទកម្មវិធីប្រណាំងទូក.ង នៅល្ងាចថ្ងៃទី០៦ ខែវិច្ចិកា ឆ្នាំ២០១៦ ដែលមានប្រជាពលរដ្ឋ ភ្ញៀវទេសចរចូលរួមយ៉ាងច្រើនកុះករ អមទៅដោយសម្លេងប្រគុំតន្ត្រីខ្នាតធំ និងមានស្តង់លក់ផលិតផលជាង២៥០ស្តង់ ដែលមានទំនិញក្នុងស្រុក និងនាំចូលពីប្រទេសថៃ។
ក្នុងឱកាសនោះ លោក វ៉ី សំណាង បានថ្លែងទៅកាន់ក្រុមកីឡាករ-ការិនីទាំងអស់ថា «អាជ្ញាធរខេត្តកំពង់ស្ពឺ នឹងបន្តរៀបចំការប្រារព្ធពិធីបុណ្យប្រណាំងទូក.ង ទាំងបុរសនារីជារៀងរាល់ឆ្នាំ ហើយការចូលរួមយ៉ាងសប្បាយកុះករនេះ ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
លោកអភិបាលខេត្តបន្តថា ក្នុងនោះលោកបណ្ឌិត ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ក៏បានជួយឧបត្ថម្ភដល់ក្រុមទូក.ង ចំនួន២០លានរៀល ដែលគណៈកម្មាធិការរៀបចំប្រគល់ជូន ក្នុង១ទូកៗទទួលបាន ៥០ម៉ឺនរៀល។ ការប្រណាំងទូក.ងនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ជាតិខ្មែរ ដូច្នេះការចាញ់ឈ្នះ គឺរឿងសម្តែងសម្រាប់ជូនប្រជាពលរដ្ឋដែលអញ្ជើញមកទស្សនាតែប៉ុណ្ណោះ។
លោកអភិបាលខេត្ត វ៉ី សំណាង ក៏បានប្រគល់រង្វាន់លើកទឹកចិត្ត ជូនដល់កីឡាការ-ការិនី ចាប់ពីលេខ១ ដល់លេខ៥ បន្ទាប់មកក៏បានបាញ់កាំជ្រូច បិទកម្មវិធីជាផ្លូវការនូវការប្រណាំងទូក.ង ផងដែរ។ ដោយឡែក ទូកសំរោងទងបានជាប់ចំណាត់ចំនួន ៣ទូក ចំណែកទូកខ្នាតជាតិ គឺបានទៅលើទូកលោកប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ សម្រាប់យកទៅចូលរួមប្រកួតថ្នាក់ជាតិ ផងដែរ៕