(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំសហការី អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ របស់រដ្ឋបាលស្រុកអណ្តូងមាស ជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ស្ត្រីមេម៉ាយ ជនចាស់ជរា ងាយរងគ្រោះចំនួន៦១គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី។

លោក មាស សារ៉េត អភិបាលស្រុកអណ្តូងមាស បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោក ញ៉ែម សំអឿន និងលោកស្រី ឃីម សុឃាង ញ៉ែម សំអឿន ដែលបានផ្តល់កិត្តយស អញ្ជើញក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ អតីតយុទ្ធជន ប្រជាពលរដ្ឋជួបការខ្វះខាត ដែលជា ចាស់ជរា ស្ត្រីមេម៉ាយ និងជនពិការ នាឱកាសនេះ។

លោកថា វត្តមានលោកអភិបាលខេត្ត និង លោកស្រីនាថ្ងៃនេះ គឺបង្ហាញនូវមនោសញ្ចេតនា ការគិតគូយកចិត្តទុកដាក់ដល់សុខទុក្ខពុកម៉ែបងប្អូន ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងបានញាំងឱ្យកម្មវិធីទាំងមូលប្រព្រឹត្ត ទៅពោពេញដោយមនោសញ្ចេតនា នឹងផ្តល់ភាពកក់ក្តៅចំពោះប្រជាពលរដ្ឋគ្រប់ជនជាតិ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងស្រុកអណ្តូងមាសផងដែរ។

លោក ញ៉ែម សំអឿន បានផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ជូនលោកតា លោកលោកយាយ ពុក ម៉ែ បងប្អូនប្រជាពលដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ អំពីសុខទុក្ខរបស់បងប្អូន ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏សម្តេចនៅតែរួមសុខរួមទុក្ខជាមួយបងប្អូនជានិច្ច។

លោកបន្តថា ភាពក្រីក្រប្រទេសណាក៏មានដែរ ប៉ុន្តែទោះជាយ៉ាងក៏ដោយ អាជ្ញាធរមូលដ្ឋាន មិនដែលបោះបង់បងប្អូនចោលនោះឡើយ ហើយក៏មិនទុកឱ្យបងប្អូនណាម្នាក់ស្លាប់ ដោយគ្មានអាហារហូបនោះទេ។ នេះហើយជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ចាប់តាំងពីថ្នាក់លើរហូតដល់ថ្នាក់ស្រុក ឃុំ  គឺជាអ្នកដែលនៅជាមួយបងប្អូន រួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ។

លោកអភិបាលខេត្ត បានថ្លែងទៀតថា អំណោយទាំងអស់នេះ គឺគ្រាន់តែជួយដោះស្រាយការលំបាកបានមួយគ្រាប៉ុណ្ណោះ កត្តាដែលសំខាន់នោះ សូមឱ្យបងប្អូនរកទទួលទាន ដោយខ្លួនឯងបន្ថែមទៀត ទើបធ្វើឱ្យជីវភាពគាប់ប្រសើរ។ លោកក៏បានជម្រាបពីដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រទេសមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជីវភាពរបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើងជាបន្តបន្ទាប់។

អំណោយដែលចែកជូនប្រជាពលរដ្ឋទាំង៦១គ្រួសារ​ ក្នុង​មួយគ្រួសារ​ អង្ក២បេ​, ម៉ី​១កេស, ទឹកស៊ីអាវ១យួរ​, ស្ករស១​គីឡូ​, អំបិល១​ គីឡូ​, ប៉ីចេង​កន្លះគីឡូ​ និង សារ៉ុង​១។ ដោយឡែកជនពិការ១នាក់ លោកអភិបាលខេត្ត ក៏បានផ្តល់ជូនបន្ថែមនូវរទេះរុញ១។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលនេះផងដែរ បន្ទាប់ពីបាន ចែកអំណោយជូន គ្រួសារអតីតយុទ្ធជន គ្រួសារប្រជាពលរដ្ឋជួបការខ្វះខាត ជាស្ត្រីមេមាយ ចាស់ជរា និងជនពិការចំនួន៦១គ្រួសាររួចមកលោក ញ៉ែម សំអឿន និងលោកស្រី ក៏បានអញ្ជើញពិនិត្យការថែទាំខួបដោយក្រាលកម្រាលបន្ថែម របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត (Reseal) លើកំណាត់ផ្លូវខេត្តលេខ ៣៧៨៩ ដោយក្រាលកៅស៊ូ DBST ប្រវែង ១៣, ៣០០ម៉ែត្រ ទទឹង ៧ម៉ែត្រ គូសគំនូសសញ្ញាចរាចរណ៍ទំហំ ៥,៣២៩ម៉ែត្របំពាក់ផ្លាកសញ្ញាចរាចរណ៍ ចំនួន ៨៥ផ្លាក បង្គោលនាំផ្លូវចំនួន ៣៥០ដើម និងដុំចំណាំង ផ្លាត (3M) ចំនួន ១,៧៨១គ្រាប់ ចាប់ពីគ.ម១៤+៧០០ ដល់គ.ម២៨+០០០ ស្ថិតក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរីនេះផងដែរ៕