(ពោធិ៍សាត់)៖ លោកស្រី អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើម ថ្នាក់ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ អមដំណើរដោយលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខា លោកស្រី អភិបាលរងនៃគណៈអភិបាលក្រុង ព្រមទាំងសហការី នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ មកផ្តល់ជូនដល់ស្រ្តីទើបសម្រាលកូនភ្លោះ៣ និងអ្នកមានផ្ទុកមេរោគអេដស៏ ចំនួន៤នាក់ តាមខ្នងផ្ទះ ក្នុងក្រុងពោធិ៍សាត់។
អំណោយមនុស្សធម៌ ដែលត្រូវផ្តល់ជូនស្រ្តីទើបសម្រាលកូនភ្លោះ៣ រួមមាន អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ សារុង១ ឆ្នាំង១ ស្រាក់១ កំសៀវ១ ចានដែក១ ថាស់ដែក១ បំពង់ទឹកក្តៅ១ ធុងទឹកកក១ ខ្ទះ១ មុង១ ម្សៅទារក២កំប៉ុង ឃីតទារក ៣ឈុត និងថវិកា២០ម៉ឺនរៀល។ ចំពោះអ្នកផ្ទុកមេរោគអេដស៏ ចំនួន៤នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ សារុង១ ឆ្នាំង១ ស្រាក់១ កំសៀវ១ ចានដែក១ ថាស់ដែក១ ធុងទឹកកក១ ខ្ទះ១ មុង១ និងថវិកា៥ម៉ឺនរៀល។
នាឱកាសនោះដែរ លោកស្រី អាំង សុជាតា ខូយរីដា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ លោកស្រីបានសំណូមពរដល់អាណាព្យាបាលទារិកាទាំង៣នាក់នេះ សូមមើលរក្សាកូនដោយការយកចិត្តទុក្ខដាក់ និងមានអនាម័យខ្ពស់ ដើម្បីចៀសវាងនូវការឆ្លងជំងឺផ្សេងៗ ដែលអាចជាបន្ទុកកាន់តែធ្ងន់ សម្រាប់គ្រួសារ។
លោកស្រី អាំង សុជាតា បន្តថា អំណោយមនុស្សធម៌ ដែលបាននាំយកមកជូន ស្ត្រីទើបសម្រាលកូនភ្លោះ៣ និងអ្នកផ្ទុកមេរោគអេដស៏ ចំនួន៤នាក់នាពេលនេះ ជាការបង្ហាញនូវការយកចិត្តទុកដាក់បំផុត ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា - មិនទុកនរណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
ជាមួយគ្នានោះ លោកស្រី ក៏បានក្រើនរំលឹកដល់អាជ្ញាធរភូមិសង្កាត់ ត្រូវចុះជាប់ជាប្រចាំតាមខ្នងផ្ទះ ដើម្បីធ្វើការតាមដានស្ថានភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីវិបត្តិ នៃជំងឺហានិភ័យ និងបន្តពិនិត្យលទ្ធភាព ដើម្បីចូលរួមចំណែកជួយពួកគាត់ឱ្យបានទាន់ពេលវេលា នៅក្នុងមូលដ្ឋានទទួលខុសត្រូវរៀងៗខ្លួន។ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាពឱ្យបានល្អ មានអនាម័យក្នុងការរស់នៅ សម្អាតបរិស្ថានជុំវិញផ្ទះ ផឹកទឹកឆ្អិន ដោយប្រកាន់ខ្ជាប់នូវការ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងយកកូនទៅចាក់ថ្នាំបង្ការឱ្យបានគ្រប់ចំនួនដងតាមការណាត់ជួបរបស់គ្រូពេទ្យ។
គួរជម្រាបជូនថា លោកស្រី ជា ស្រីម៉ៅ អាយុ៣៣ឆ្នាំ មានប្តីឈ្មោះ អិល ចេក អាយុ៤៦ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិវត្តហ្លួង សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានសម្រាលកូនភ្លោះ៣ (ទារិកា) កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។ សម្រាប់ការសម្រាលកូនភ្លោះ៣នេះ គឺជាកូនទី២ហើយ ខណៈដែរកូនទី១របស់ស្រី មានអាយុ៧ឆ្នាំហើយ៕