(ពោធិ៍សាត់)៖ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីការជំរុញ និងការតាមដានត្រួតពិនិត្យ ការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ ជូនសិក្ខាកាមមកពី៥ខេត្ត ជាង២០០នាក់ ក្នុងនោះមានខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន។
អង្គសិក្ខាសាលានេះ ត្រូវបានប្រារព្ធ នៅសណ្ឋាគារ ខេ អឹម ខេត្តពោធិ៍សាត់ ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋាន គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងគោលបំណង «ជំរុញ និងការតាមដានត្រួតពិនិត្យ ការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨»។
បន្ថែមពីនេះ សិក្ខាសាលា បានផ្តោតសំខាន់លើ ចំណុចមួយចំនួនដូចជា៖
១-ការតម្រង់ទិសសម្រាប់ការអនុវត្តបន្ត ពាក់ព័ន្ធទៅនឹងផែនការសកម្មភាព របស់កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ ដែលនៅសេសសល់
២-លិខិតបទដ្ឋានគតិយុត្ត ដែលបានអនុម័ត និងដាក់ឱ្យអនុវត្តនាពេលកន្លងមក
៣-ការងារកែទម្រង់ដែលមានលក្ខណៈអន្តរវិស័យ
៤-យន្តការនៃការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨
លោករដ្ឋមន្ដ្រី ពេជ្រ ប៊ុនធិន បានថ្លែងថា នេះគឺជាព្រឹត្តិការណ៍ ដ៏ល្អមួយសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រឹះស្ថាន សហគ្រាសសាធារណៈ បានចូលរួមជំរុញ និងតាមដានការអនុវត្ត កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានតាមលទ្ធផលរំពឹងទុក ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕