(ភ្នំពេញ)៖ នៅព្រឹកថ្ងែទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូនគរុនិស្សិត និងនិស្សិតបច្ចេកវិទ្យាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យា ដែលបញ្ចប់ការសិក្សាឆ្នាំ ២០១១-២០១៤ ចំនួន ៣,៨២៩នាក់ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពីការបំបែកក្រសួងជាពីរ រយៈពេលប៉ុន្មានអាណត្តិចុងក្រោយនេះ ដើម្បីអភិវឌ្ឍន៍ការងាររបស់រាជរដ្ឋាភិបាលកាន់តែងាយស្រួល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សភាពការណ៍ នៃទីផ្សារការងារផ្នែកបច្ចេកទេសកំពុងមានការប្រែប្រួលហើយនាពេលបច្ចុប្បន្ន ពោលទីផ្សារការងារផ្នែក បច្ចេកទេសកាលពីអតីតកាលមិនសូវមាននោះទេ តែបច្ចុប្បន្នទីផ្សារការងារផ្នែកបច្ចេកទេសកំពុងមានតម្រូវការច្រើន។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកផងដែរថា សាលាបណ្តុះបណ្តាលបច្ចេកទេសកាលបង្កើតឡើងដំបូងក្រោមជំនួយសហភាពសូវៀតនោះ មិនសូវមានសិស្សរៀននោះទេ ព្រោះទីផ្សារការងារមិនសូវមាន តែបច្ចុប្បន្នមិនដូចពីមុនទៀតនោះឡើយ។

* ថ្លែងប្រតិកម្មនិងការដាក់ផ្លែផ្កាពីគណបក្សប្រឆាំងជុំវិញពាក្យសម្តីរបស់លោកស្រី អ៊ុង សានស៊ូជី «តោះទៅផ្ទះយើងវិញ», ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំអ្នកដាក់ផ្លែផ្កាឲ្យសម្តេច គឺក្រុមបក្សប្រឆាំងកាប់ថ្មចំណាំថា តើប្រជាពលរដ្ឋមីយ៉ាន់ម៉ា នឹងត្រឡប់ទៅរកការងារនៅប្រទេសកំណើតវិញ ឬអត់ក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខ ខណៈប្រាក់បៀវត្សរ៍នៅមីយ៉ាន់ម៉ាមានត្រឹមតែប្រមាណពី៦០-៨០ដុល្លារប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានលើកឡើងថា ប្រាក់ខែរបស់កម្មករកម្ពុជា មានតម្លៃជាងការងារកម្មករនៅប្រទេសមីយ៉ាន់ម៉ា។ សម្តេចតេជោ បានលើកឡើងថា កម្មករមីយ៉ាន់ម៉ា នឹងមិនអាចត្រឡប់ទៅធ្វើការងារនៅក្នុងស្រុកវិញទេ ខណៈដែលការងារនៅថៃទទួលបានប្រមាណ២០០-៣០០ដុល្លារ ចំណែកទីផ្សារការងារនៅមីយ៉ាន់ម៉ា មានប្រមាណ៦០-៨០ដុល្លារប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ហ្វីលីពីនមានពលរដ្ឋធ្វើការនៅក្រៅប្រទេស១០លាននាក់។ បច្ចុប្បន្នប្រជាពលរដ្ឋ ហ្វីលីពីន ធ្វើការនៅកម្ពុជាមាន ប្រមាណ១ម៉ឺននាក់។ សម្តេចតេជោ ហ៊ុន សែន​ បានលើកឡើងថា កម្ពុជាកំពុងសាកល្បងបញ្ជូនពលករទៅធ្វើការនៅប្រទេសសិង្ហបុរី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋថៃបានចេញទៅធ្វើការនៅក្រៅប្រទេសដូចជាកូរ៉េខាងត្បូង និងប្រទេសមួយចំនួនទៀត ដែលមានតម្លៃពលកម្មខ្ពស់ រីឯកម្លាំងពលកម្មក្នុងស្រុក ដែលមានតម្លៃពលកម្មទាប ពួកគេត្រូវការងារកម្លាំងពលករពីប្រទេសជិតខាងដូចជា មីយ៉ាន់ម៉ា និងប្រទេសកម្ពុជាជាដើម។

* ទាក់ទិនបញ្ហាការងាររបស់ពលករចំណាកស្រុកដដែលនេះ សម្តេចតេជោ បានថ្លែងថា ពលរដ្ឋហ្វីលីពីន ជាង១០លាននាក់ បានចេញទៅរកការងារនៅក្រៅប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវទៅដល់កម្មករ-កម្មការិនី ឲ្យខិតខំប្រឹងប្រែងរក្សាការងារដែលកំពុងធ្វើ ខណៈមានប្រទេសមួយចំនួនដូចជាមីយ៉ាន់ម៉ា និងបង់ក្លាដេស អាចនឹងទាក់ទាញរោងចក្រ និងការងារពីប្រទេសកម្ពុជា ពីព្រោះតម្លៃពលកម្មនៅក្នុងប្រទេសនេះទាបជាងកម្ពុជា។ សម្តេចតេជោ សូមឲ្យពលករ ពលការិនី ប្រឹងប្រែងធ្វើការងារឲ្យមានគុណភាពខ្ពស់ ដើម្បីរក្សារោងចក្រ និងការងារ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងចាប់អារម្មណ៍ផងដែរ ពីការកើនឡើងនូវការប្រើប្រាស់គ្រឿងចក្រក្នុងវិស័យកសិកម្មនៅកម្ពុជានាពេលបច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងផ្ទៃដីស្រែវស្សាប្រមាណ ២លាន ៤សែនហិកតា ការភ្ជួររាស់ដោយប្រើប្រាស់កម្លាំងគោក្របីអូសទាញមានត្រឹមជាង ៨ភាគរយ ស្មើរនឹងជាង ២០ម៉ឺនហិកតាប៉ុណ្ណោះ ខណៈជាង ៤លានហិកតាទៀតប្រើគ្រឿងយន្ត។

* ក្រៅពីមានជំនាញក្នុងការដឹកនាំប្រទេសក្នុងឋានៈជានាយករដ្ឋមន្រ្តីហើយនោះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចក៏ជាអ្នកជំនាញខាងជួសជុលនាឡិកា និងមានការយល់ដឹងមួយចំនួនលើជាងម៉ូតូផងដែរ។ រំលឹកដល់ជំនាញខាងម៉ូតូនេះ សម្តេចបានឲ្យដឹងថា សម្តេចធ្លាប់បានជួយជួសជុលម៉ូតូជូនពលរដ្ឋម្នាក់ កាលពីសម្តេចនៅកាន់តួនាទីជារដ្ឋមន្រ្តីក្រសួងការបរទេសក្នុងទស្សវត្សរ៍ឆ្នាំ៨០ផងដែរ។ សម្តេចតេជោបានបញ្ជាក់ថា ការរំលឹករបស់សម្តេចនេះ គឺចង់ឲ្យប្រជាពលរដ្ឋខ្មែរបែរមកចាប់អារម្មណ៍លើជំនាញវិជ្ជាជីវៈផ្នែកបច្ចេកទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំឲ្យប្រជាពលរដ្ឋអាមេរិក ដែលគាំទ្រលោក ដូណាល់ ត្រាំ កត់ចំណាំថា មានអ្នកចោទលោក ដូណាល់ ត្រាំ ថាជាជនផ្តាច់ការ ហើយ។ សូមបញ្ជាក់ថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មានឌឺខេមបូឌាដេលី បានចាត់ទុកលោក ត្រាំ ថា ជាជនផ្តាច់ការ ទើបធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន គាំទ្រលោកត្រាំ។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅដល់កីឡាករអុំទូករក្សារបៀបរៀបរយ និងកុំទៅរកកន្លែងផ្តល់សេវាផ្លូវភេទ ដែលអាចនាំឲ្យមានជំងឺអេដស៍ ត្រឡប់ទៅផ្ទះវិញ។ សម្តេចតេជោ ក៏សូមឲ្យកីឡាករអុំទូកមុនឡើងមកភ្នំពេញត្រូវទៅមើលទឹកស្រែឲ្យបានត្រឹមត្រូវផង។ សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះការប្រណាំងទូក មានប្រមាណ២៥០ទូក។

* បន្ថែមពីលើការបង្ហោះមុខចោរនៅតាម Facebook ហើយនោះ សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យយកមុខចោរទៅបិទតាមទីសារណៈបន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋបានឃើញកាន់តែច្បាស់ និងមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលមកលេងបុណ្យអុំទូក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចង់ឲ្យមានឧស្សាហកម្ម ដែលមានបច្ចេកវិទ្យាកាន់តែខ្ពស់កាន់តែច្រើនថែមទៀតនៅកម្ពុជា ដើម្បីផ្តល់ការងារដល់និស្សបច្ចេកទេស។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ៩៖២៨នាទី, អរគុណចំពោះការទស្សនាការផ្សាយផ្ទាល់៕