(ភ្នំពេញ)៖ ចាប់តាំងពីល្ងាចថ្ងៃទី០៦ ខែវិច្ឆិកាម្សិលមិញ រហូតមកដល់ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលដឹកនាំដោយលោក យឹម សារ៉ាន់ អធិការនគរបាល បាននឹងកំពុងដឹកនាំកម្លាំងចម្រុះ ដើម្បីចុះទៅព័ទ្ធចាប់ មុខសញ្ញាបាញ់ប្លន់សម្លាប់សន្តិសុខម្នាក់ និងប្លន់យកទ្រព្យសម្បត្តិ ម្ចាស់បណ្ណាគារជនជាតិចិន មុខប្រលានយន្តហោះ អន្តរជាតិភ្នំពេញ។

គួររំលឹកថា ក្រុមចោរក្រុមចោរពីរនាក់ស្លៀកពាក់ស៊ីវិល និងពាក់ម៉ាស់មុខ បានដើរចូលទៅក្នុងផ្ទះបើកលក់សៀវភៅ ប៊ិច និងសម្ភារៈសិក្សារបស់ជនជាតិចិនឈ្មោះ លូ បាយហេង អាយុ ៥៤ឆ្នាំ។ ពេលចូលទៅក្នុងផ្ទះក្រុមចោរបានទាញទ្វារបិទ ព្រមទាំងបានដកកាំភ្លើងភ្ជង់ម្ចាស់ផ្ទះ និងនិយាយភាសាចិនទារលុយ ព្រមទាំងទាញយកខ្សែករមួយខ្សែផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលក្រុមចោរកំពុងធ្វើសកម្មភាពនោះ ភរិយារបស់ជនរងគ្រោះ ដែលនៅជាន់លើ ក៏ស្រែកជាភាសាចិនថា ចោរចូលប្លន់ ធ្វើឲ្យក្រុមចោរភ័យ ក៏បើកទ្វារផ្ទះរត់គេចខ្លួន ដោយរត់សំដៅទៅខាងរង្វង់មូលចោមចៅ។ ពេលទៅដល់រោងចក្រ PPM ក្រុមចោរបានរត់ចូលទៅក្នុងបុរី ដែលគេសាងសង់ឡើងក្នុងដីឡូតិ៍។

ភ្លាមៗនោះសន្តិសុខយាមនៅទីនោះ ដេញតាមសួរនាំ ក្នុងបំណងហាមឃាត់ក្រុមចោរមិនចូលទៅក្នុងបុរីនោះ ស្រាប់តែជនល្មើសបានបាញ់មួយគ្រាប់ បណ្តាលឲ្យត្រូវជនរងគ្រោះឈ្មោះ យ៉េន រីណុង អាយុ ២៣ឆ្នាំ បណ្តាលឲ្យស្លាប់ ឯកម្នាក់ទៀតជាសន្តិសុខយាមនៅភូមិគ្រឹះវូហោ ដែលដេញតាមដែរនោះ ត្រូវអំបែងកញ្ចក់ចំខ្លួនបណ្តាលឲ្យរងរបួសស្រាល។

បន្ទាប់ពីបាញ់បណ្តាលឲ្យសន្តិសុខស្លាប់ និងរបួសហើយ ក្រុមចោរ ក៏បានរត់គេចខ្លួនបាត់ទៅ។ តាមការសន្និដ្ឋានក្រុមចោរប្លន់ជា អ្នកបាញ់មានអាយុប្រហែល ៣៥ឆ្នាំ កម្ពស់ប្រហែល ១.៧២ម៉ែត្រ មានមាឌស្តើង។ ជនសង្ស័យម្នាក់ទៀត អាយុប្រហែល ៣៤ឆ្នាំ មានរាងស្តើងកម្ពស់ប្រហែល ១.៦៨ម៉ែត្រ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមចោរបានប្លន់យកលុយ ពីក្នុងបណ្ណាគាររបស់ជនជាតិចិនយកលុយ ៥០០ដុល្លារ និងខ្សែករមួយខ្សែទម្ងន់ប្រមាណ១តម្លឹង៕