(ភ្នំពេញ)៖ ធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី បានសម្ពោធនូវការដាក់បម្រើនូវសេវាកម្មថ្មីរបស់ខ្លួន ដែលរួមមានគណនីប្រាក់សន្សំសម្រាប់កុមារ និងគណនីប្រាក់សន្សំតាមប្រព័ន្ធអ៊ីនធើណិត ដែលគណនីប្រាក់សន្សំថ្មីទាំងនេះ ផ្តល់ជូនអតិថិជននូវភាពបត់បែនកាន់តែច្រើនសម្បូរបែប ដែលមានអត្រាការប្រាក់ខ្ពស់បំផុត ក្នុងចំណោមគណនីផ្សេងៗទៀតនៅក្នុងទីផ្សារ។
លោក Joe Farrugia អគ្គនាយកធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ីបាន ថ្លែងថា «ធនាគារ ហុង លីអុង មានសេចក្តីសោមនស្សរីករាយណាស់ដែល យើងកំពុងបន្តស្វែងរកយុទ្ធសាស្ត្រដែលថ្មី មានប្រសិទ្ធភាព និងច្នៃប្រឌិតខ្ពស់ ដើម្បីបម្រើមិនចំពោះតែអតិថិជនប្រចាំរបស់ហុង លីអុងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រប់គ្នាដែលកំពុងស្វែងរកធនាគារ ដែលបំពេញគ្រប់តម្រូវការហិរញ្ញវត្ថុរបស់ខ្លួន។ បុគ្គលិករបស់ធនាគារ ហុងលីអុង ជាច្រើនបានខិតខំប្រឹងប្រែងបង្កើតឲ្យមានគណនីសន្សំថ្មីទាំងពីរ រួមមានលក្ខណៈសម្គាល់ និងអត្ថប្រយោជន៍ដែលធ្វើឲ្យសេវាកម្មរបស់យើង មានលក្ខណៈពិសេសខុសពីស្ថាប័នហិរញ្ញវត្ថុដទៃទៀត នោះគឺអត្រាការប្រាក់ខ្ពស់បំផុត ក្នុងចំណោមគណនីផ្សេងៗទៀត នៅក្នុងទីផ្សារបច្ចុប្បន្ន»។
លោក បន្ដថា «គណនីប្រាក់សន្សំសម្រាប់កុមារ និងគណនីប្រាក់សន្សំតាមប្រព័ន្ធអ៊ីនធើណិត មិនត្រឹមតែផ្តល់អត្រាការប្រាក់ខ្ពស់ប៉ុណ្ណោះទេ គណនីប្រាក់សន្សំសម្រាប់កុមារ ថែមទាំងផ្តល់ការលើកទឹកចិត្តមួយដែលមាតាបិតាអាចផ្តល់ជូនសម្រាប់បុត្រធីតារបស់ពួកគេ ដែលនេះមិនត្រឹមតែជាការបណ្ដុះទម្លាប់ នៃការសន្សំប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្រៀនពួកគេ នូវវិធីផ្តល់តម្លៃដល់ប្រាក់កាសផងដែរ។ ចំណែកគណនីប្រាក់សន្សំតាមប្រព័ន្ធអ៊ីនធើណិត ជាគណនីមួយដែលអាចបើកដោយមិនចាំបាច់បំពេញឯកសារ លើក្រដាសដែលផ្តល់ជូនអតិថិជន នូវបទពិសោធន៍សេវាធនាគារតែមួយគត់ ដែលអនុញ្ញាតឱ្យលោកអ្នកចាត់ចែងប្រាក់បានពីគេហដ្ឋាន ហើយគណនីនេះក៏ផ្តល់ជូនភ្ជាប់សេវាតាមប្រព័ន្ធអ៊ីនធើណិត Connect របស់ធនាគារហុង លីអុងផងដែរ»។
លោកបន្ដទៀតថា នៅក្នុងព្រឹត្តិការណ៍បើកសម្ពោធនូវសេវាកម្មថ្មីនេះ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅផ្សារទំនើប Aeon mall ក៏បានបង្ហាញថាធនាគារ ហុង លីអុង កំពុងធ្វើដំណើរខិតទៅរកការផ្តល់ផលិតផល និងសេវាកម្មតាមរយៈឌីជីថលជាមួយនឹងទស្សនទាន ជញ្ជាំងក្តីសុបិនបែបឌីជីថល។ ជញ្ជាំងក្តីសុបិននោះ គឺជាផ្ទាំង LED ស្វ័យប្រវត្តិមួយ ដែលទុកឱ្យអតិថិជនដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ សរសេរពីក្តីសុបិនរបស់ពួកគេដោយគ្រាន់តែបំពេញចន្លោះនៅក្នុងប្រយោគ «ប្រសិនបើខ្ញុំមានគណនីធនាគារ ដែលមានទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់ ខ្ញុំនឹង.......»។
លោកបានបន្ថែមថា «ជញ្ជាំងក្តីសុបិននេះ ជានិមិត្តរូបរបស់យើងក្នុងការជួយដល់អតិថិជនរបស់យើង ដើម្បីសម្រេចបាននូវក្តីសុបិនរបស់ពួកគេតាមរយៈការសន្សំ និងការបង្រៀនពួកគេពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនផងដែរ ជាមួយគ្នានេះ អតិថិជនមួយចំនួនដែលចូលរួមក្នុងពិធីសម្ពោធថ្ងៃនេះ នឹងអាចមានសំណាងទទួលបានរង្វាន់ពី ក្តីសុបិនរបស់ពួកគេតាមរយៈជញ្ជាំងក្តីសុបិននេះផងដែរ។ លោកបញ្ជាក់ថា តាមរយៈការប្រកួតប្រជែងនៅលើទីផ្សារ ធនាគារ ហុង លីអុង សង្ឃឹមថាខ្លួននឹងក្លាយជានិមិត្តសញ្ញា នៃធនាគារដែលបង្កលក្ខណៈងាយស្រួល មានភាពច្នៃប្រឌិតថ្មី និងគួរឱ្យទុកចិត្តបំផុតនៅកម្ពុជា»។
ធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី ឬ Hong Leong Bank (Cambodia) PLC ជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងដោយធនាគារ ហុង លីអុង ប៊ើហាដ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុ ដ៏ឈានមុខគេនៅក្នុងប្រទេសម៉ាឡេស៊ី។ ធនាគារនេះបានទទួលអាជ្ញាប័ណ្ណប្រតិបត្តិការពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣ ហើយបានចាប់ផ្តើមដំណើរការអាជីវកម្មជាផ្លូវការនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ ដើម្បីបម្រើជូនអតិថិជនបុគ្គល និងអតិថិជនអាជីវកម្មនៅកម្ពុជា។
កំពុងតែបន្តកសាងកេរ្តិ៍ឈ្មោះរបស់ធនាគារ ហុង លីអុង ក្នុងការបំពេញតម្រូវការរបស់អតិថិជន តាមរយៈការផ្តល់ជូននូវសេវាហិរញ្ញវត្ថុ ដែលមានលក្ខណៈទូលំទូលាយ និងប្រកបដោយជំនាញវិជ្ជាជីវៈក្នុងប្រទេសកម្ពុជា។ ធនាគារនេះ បានបើកដំណើរការសេវាកម្មគោលជាច្រើនរួមមាន ប្រាក់បញ្ញើ ឥណទាន ហិរញ្ញប្បទានពាណិជ្ជកម្ម ទីផ្សារហិរញ្ញវត្ថុអន្តរជាតិ និងសេវាផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនបុគ្គល និងអាជីវកម្ម។ ពិសេស ចក្ខុវិស័យរបស់ធនាគារ គឺក្លាយជាស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ីនធើណិត ប្រកបដោយភាពច្នៃប្រឌិត ដែលទទួលបានការពេញចិត្តបំផុត ក្នុងចំណោមធនាគារឈានមុខគេនៅកម្ពុជា៕