(ព្រៃវែង)៖ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកស្រី កែ សួនសុភី ស សុខា នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយកម្មករនិយោជិតរោងចក្រសហគ្រាស ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៩ ទិវាពលកម្មអន្តជាតិ ១ ឧសភា។

ពិធីសំណេះសំណាលនេះ បានប្រព្រឹត្តទៅនៅបរិវេណក្រុមហ៊ុន អរិន មេនូហ្វេកឆឺរីង (ខ្មែរ) ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដោយមានការចូលរួមពីលោក លោកស្រីតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងលោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ប្រតិភូអមដំណើរ លោកអភិសន្តិបណ្ឌិត និងលោកសួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ព្រមទាំងលោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត កម្មករនិយោជិតក្រុមហ៊ុន អរិន មេនូហ្វេកឆឺរីង (ខ្មែរ) ស្រុកកំចាយមារ កម្មករនិយោជិតក្រុមហ៊ុន ថបសុីលវើរ លីតមីតធីត ស្រុកស្វាយអន្ទរ សរុបប្រមាណ ២ ៤១៩រូប។

លោកអភិសន្តិបណ្ឌិតស សុខា បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់កម្មករ និយោជិតដែលមានវត្តមាននៅក្នុងឱកាសនេះផងដែរ។

ជាមួយគ្នានេះ លោកអភិសន្តិបណ្ឌិតស សុខា ពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាមួយ បងប្អូនកម្មករនិយោជិត និយោជក និងជនរួមជាតិទាំងអស់ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលជាទិវារំឭកទៅដល់វីរភាពរបស់កម្មករនិយោជិត។

លោកអភិសន្តិបណ្ឌិតបានបន្ត ឆ្នាំនេះ ទិវាពលកម្ម អន្តរជាតិ១ឧសភា ត្រូវរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» ដែលជាការបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្តនិងការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ អត្ថប្រយោជន៍នៃ របបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់បងប្អូនកម្មករនិយោជិត និងពង្រឹងយន្តការដោះស្រាយវិវាទការងារ ដែលធ្វើឱ្យទំនាក់ទំនងវិជ្ជាជីវៈកាន់តែល្អប្រសើរឡើង ព្រមទាំងចូលរួមសម្រេចឱ្យបាននូវគោលដៅសូចនាករគន្លឹះ ដែលបានកំណត់ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព, និងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ សំដៅកសាងមូលដ្ឋានគ្រឹះប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងអាចឆ្លើយតបបានទៅនឹងភាពមិនប្រាកដប្រជាជាសកល ដែលបណ្តាលមកពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ បម្រែបម្រួលអាកាសធាតុ ភាពតានតឹងនៃស្ថានភាពនយោបាយ និង ពាណិជ្ជកម្មអន្តរជាតិផងដែរ។ 

លោកអភិសន្តិបណ្ឌិតបានបន្ថែមថា រាជរដ្ឋាភិបាលមិនត្រឹមតែមានគោលដៅទាក់ទាញទុនវិនិយោគមកអភិវឌ្ឍ សេដ្ឋកិច្ច បង្កើតសហគ្រាស និងការងារជូនបងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមហិច្ឆតាបង្កើត និងពង្រីកឱ្យមានលក្ខខណ្ឌការងារសមរម្យ និងជំរុញកំណើនប្រកបដោយចីរភាព និងភាពធន់រយៈពេលយូរ អង្វែង ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត ក្រោមម្លប់ដ៏ត្រជាក់នៃ សន្តិភាពផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី កែ សួនសុភី ស សុខា ក៏បាននាំយកនូវថវិកាផ្ទាល់ខ្លួនសម្រាប់ឧបត្ថម្ភជូនដល់កម្មករនិយោជិត ចំនួន ២ ២២៣នាក់ ដែលក្នុងមួយម្នាក់ទទួលបានថវិកា ៤០ ០០០រៀល និងស្រ្តីមានផ្ទៃពោះចំនួន១០១នាក់ ក្នុងមួយម្នាក់ទទួលបាន ១៤០ ០០០រៀល សរុបជាថវិកាទាំងអស់ស្មើនឹងចំនួន ១០៣ ០៦០ ០០០រៀល៕